ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារវីង ( ខេមបូឌា) ម.ក ដើម្បីដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារCambodia Trade របស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
MoU នេះក៏សហការ ក្នុងការផ្តល់វគ្គបណ្តុះបណ្តាល ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
លោកប៉ាន សូរស័ក្ក បានមានប្រសាសន៍បន្ទាប់ពីពិធីចុះហត្ថលេខានាព្រឹកថថ្ងៃទី៣០ សីហានេះថា អនុស្សរណនៃការយោគយល់គ្នានេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបញ្ជាក់ពីកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន (ធនាគារវីង) ដើម្បីផ្តល់ភាពងាយស្រួលជូន អាជីវករ សហគ្រាសធុនតូច និងមធ្យម និងអតិថិជនក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់ទូទាត់ប្រតិបត្តិកាលើផ្សារខេមបូឌាត្រេដ។
លោកបន្ថែមថា ផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្មនេះ និងផ្តល់ឱកាស ឱ្យសហគ្រាសធន់តូច និងធ្យម អាចលក់ផលិតផលខ្មែរដែលមាន សក្តានុពលសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេស និងការដាក់តាំងលក់ទំនិញ នៅក្នុងទីផ្សារមួយដែលទូលំទូលាយ និងមិនមានព្រំដែន ដែលអាចហៅថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់អតិថិជនក្នុងស្រុក និងអន្តរជាតិ។
ជាមួយគ្នានេះ លោក ហាន ប៉េងក្វាងអគ្គនាយកធនាគារវីងបានមានប្រសាសន៍ឱ្យដឹងដែរថា ភាពជាដៃគូនេះ អនុញ្ញាតឱ្យវីងចូលរួមចំណែក ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយប្រើការទូទាត់ប្រាក់ តាមឌីជីថល។ ការទូទាត់តាមឌីជីថលកំពុងមានការពេញនិយម នៅជុំវិញពិភពលោក ដោយសារភាពងាយស្រួល និងមានសុវត្ថិភាព។
ធនាគារវីង ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និងភ្នាក់ងារវីងដែលមានជិត១០,០០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ នៅឆ្នាំ២០២០ ធនាគារវីង បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យមជាង២,៤០០ ដោយផ្តល់សេវាកម្មប្រមូល និង ទូទា ត់ប្រាក់។
លោកបានបន្ថែមថា ធនាគារវីង ក៏នឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ បែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និងមធ្យមរបស់ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជា ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាពផ្សេងៗជាច្រើន។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕