ដោយៈសុជាតា
ភ្នំពេញៈ ក្រុមការងារ Switch Garmentរួមជាមួយនឹងវិទ្យាស្ថាន ថាមពលនិងធនធាន ព្រមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអនុវត្តប្រើប្រាស់ថាមពលប្រកបដោយចីរភាពតាមបណ្តារោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជា។
សវនកម្មថាមពល របស់គម្រោង Switch Garment នឹងវិភាគអំពីការប្រើប្រាស់ថាមពល នៅក្នុងរោងចក្រកាត់ដេរ ព្រមទាំងស្វែងយល់ពី ឱកាសក្នុងការសន្សំសំចៃ និងការបង្កើនប្រសិទ្ធភាពផលិតកម្ម។
តាមរយៈគម្រោង Switch Garment សវនកម្មថាមពល នឹងជួយបំភ្លឺវិថីឆ្ពោះទៅកាន់ការវិនិយោគផ្នែកថាមពលស្អាត តាមបណ្តារោងចក្រនានា។ ក្នុងនោះផងដែរ សវនកម្មថាមពលក៏នឹងជួយកំណត់ វគ្គ បណ្តុះបណ្តាលដែលចាំបាច់នានា សម្រាប់ជួយពង្រីកសមត្ថភាព រោងចក្រក្នុងការប្រើប្រាស់ ថាមពលប្រកបដោយចីរភាព។
នាពេលបច្ចុប្បន្ននេះ ដោយមើលឃើញ ពីតម្រូវការរបស់អ្នកប្រើប្រាស់សម្លៀកបំពាក់ ដែលចង់កាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន មកពីការប្រើប្រាស់ប្រើប្រាស់សម្លៀកបំពាក់ រោងចក្រចំនួន៣០ បានចូលរួមជាដៃគូជាមួយនឹងគម្រោង Switch Garment ហើយ គម្រោងនេះនឹងជ្រើសរើស២០ រោងចក្រទៀត នៅចុងឆ្នាំនេះ។
លោកលី តេកហេង អគ្គនាយកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលកំពុងដឹកនាំ ការចូលរួមរបស់រោងចក្រនៅក្នុងសវនកម្មនេះ បានមានប្រសាសន៍ថា នាពេលឥឡូវនេះ ម៉ាកអន្តរជាតិជាច្រើនដែលទទួលទិញ សម្លៀកបំពាក់ពីរោងចក្រនៅកម្ពុជា ផ្តោតជាពិសេសទៅលើចីរភាពនៃទំនិញ ដោយសារតែកំណើននៃការយល់ដឹង ពីបរិស្ថាន របស់អ្នកប្រើប្រាស់។ ដូច្នេះដើម្បីរក្សាភាពប្រកួតប្រជែង វិស័យកាត់ដេរត្រូវតែដើរអោយទាន់ និន្នាការរបស់អ្នកប្រើប្រាស់។
ជារោងចក្រដំបូងមួយ ដែលបានចូលរួមនៅក្នុងគម្រោង Switch Garment នាយកគ្រប់គ្រងនៃ PPSEC លោក Robert Hwang បានមានប្រសាសន៍ថា ថ្លៃអគ្គិសនីខ្ពស់ និងការកើនឡើង នៃតម្រូវការផ្នែកចីរភាពរបស់អ្នកប្រើប្រាស់ គឺជាចំនុចប្រឈមរបស់រោងចក្រកាត់ដេរនៅកម្ពុជា។
លោកបន្តថា “ពួកយើងបានចូលរួមក្នុងគម្រោងមួយនេះ ពីព្រោះការគ្រប់គ្រងថាមពលអោយបានល្អមានសារៈសំខាន់ ដើម្បីជួយអោយរោងចក្រកាត់ដេរ នៅតែអាចបន្តការប្រកួតប្រជែងនៅលើទីផ្សារបាន”។
យោងតាមធនាគារពិភពលោក ឧស្សាហកម្មកាត់ដេរសកល ផលិតដល់ទៅ១០ % នៃទំហំឧស្ម័នកាបូនសកលប្រចាំឆ្នាំ។ នៅប្រទេសកម្ពុជាGGGI បានធ្វើការប៉ាន់ប្រមាណ ថាការធ្វើឱ្យប្រសើរឡើង នូវការអនុវត្តថាមពលក្នុងការផលិតសម្លៀកបំពាក់ អាចចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ១៧ភាគរយ៕