ដោយៈតារា
ភ្នំពេញៈ ក្រោមការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ បានសហការជាមួយសហ គ្រិនខ្មែរ កំពុងរៀបចំតំបន់សហគមន៍ទេសចរណ៍ចំនួន៥កន្លែង ក្នុងខេត្តគោលដៅចំនួន៤ ដើម្បីឱ្យភ្ញៀវ ទេសចរទៅលេងកម្សាន្ត ក្នុងអំឡុងនៃវិបត្តិកូវីដ-១៩នេះ ដើម្បីជួយបង្កើតប្រាក់ចំណូលជូនពលរដ្ឋនៅ តំបន់ទាំងនោះ ។
ពិធីចុះអនុស្សារណៈយោគយល់គ្នាស្តីពី គម្រោងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់ សកម្មភាពទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ សីហានេះ។
លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សហគមន៍ទេសចរណ៍ ដែលនឹងត្រូវរៀបចំឱ្យទទួលទេសចរនោះ គឺមាននៅក្នុងខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ និងកំពង់ ឆ្នាំង ព្រោះសហគមន៍ទេសចរណ៍ទាំងអស់នោះ មានលក្ខណៈពិសេសប្លែកៗពីគ្នា និងភាគច្រើនជាតំ បន់អេកូទេសចណ៍។
លោកបញ្ជាក់ថា សម្រាប់ការរៀបចំសហគមន៍ទេសចរណ៍នេះ គឺតម្រូវឲ្យពលរដ្ឋធ្វើម្ហូបជា លក្ខណៈស្ដង់ដារ ព្រមទាំងមានការបណ្ដុះបណ្ដាលពួកគេទៅលើសេវាកម្មមួយចំនួនទៀតផង ក្នុងនោះក៏ មានផ្នែក (IT) ដែរ ។
ជាមួយគ្នានេះ ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដំបូង តែទោះជាយ៉ាងណាក៏ដោយ ដៃគូទាំងពីរ នឹងខិតខំជួយពង្រីកកម្រិត អាជីវកម្ម របស់ពលរដ្ឋ នៅក្នុងតំបន់ទេសចរណ៍ទាំងនោះ ឲ្យកាន់តែមានភាពរីកចម្រើន។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារ ណៈយោគយល់គ្នានេះ តាមប្រព័ន្ធវីដេអូ បានបញ្ជាក់បន្ថែមថា កិច្ចសហការនេះ បើទោះជាផ្នែកតូចមួយ ក្នុងការចាប់ផ្ដើមវិស័យទេសចរណ៍នៅកម្ពុជា ដែលបានប៉ះពាល់ដោយវិបត្តិកូវីដ-១៩ក្ដី តែវាក៏អាចជួយ ពង្រឹងវិស័យទេសចរណ៍នេះឡើងវិញជាបណ្ដើរៗ ។
លោកបន្តថា “កម្ពុជាមានសហគមន៍ទេសចរណ៍ច្រើនកន្លែង ហើយនៅពេល សហគមន៍ជាគោលទាំង៥នេះ សម្រេចបានជោគជ័យ ក្រសួងនឹងបន្តប្រមូលសហគមន៍ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ និងបញ្ចូលទៅក្នុងគម្រោងរួមគ្នានេះបន្ថែមទៀត”។
ជាមួយគ្នានេះ បានអំពាវនាវកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃទៀត ព្រោះសម្បត្តិ ធម្មជាតិទាំងអស់នេះ គឺជាទីតាំងដ៏ទាក់ទាញទេសចរឱ្យទៅទស្សនាកម្សាន្ត៕