វិបត្តិកូវីដ១៩ សហគ្រិនជាច្រើនកំពុងជួបបញ្ហានឹងលំហូរសាច់ប្រាក់

ដោយៈលក្ខិណា

ភ្នំពេញៈ សហគ្រិនជាច្រើនកំពុងប្រឈមនឹងបញ្ហាមួយ ដែលឈានទៅរកវិបត្តិហិរ​ញ្ញវត្ថុគឺ ការជួបប្រទះនឹងបញ្ហាលំហូរសាច់ប្រាក់ ដោយសារតែពួកគេផលិតបានផលិត​ផលហើយ តែអត់មានទីផ្សារត្រូវលក់ឬតម្លៃទាប ដែលធ្វើឱ្យពួកគេមិនអាចមានសាច់ប្រាក់សម្រាប់បង្វិល។

ទាំងនេះហើយ ដែលធ្វើឱ្យសហគ្រិនកាន់តែច្រើនជួបបញ្ហា នឹងលំហូរសាច់ប្រាក់នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីឌិត នីតាអគ្គនាយិកាគ្រឹះស្ថានហិរញ្ញវត្ថុ Camma បានឱ្យដឹងក្នុងវេទិកាមួយកាលពីម្សិលម៉ិញនេះថា នៅក្នុងដំណាក់កាលនៃការរីករាលដាល នៃជំងឺកូវីដ១៩នេះ យើងឃើញថា សហគ្រិន និងអ្នករកស៊ីមួយចំនួន ពួកគាត់មានបញ្ហាជាមួយនឹងលំហូរសាច់ប្រាក់ ដោយសារបញ្ហានៃការលក់ផលិតផល និងសេវាកម្មឬក៏ការលក់របស់គាត់ធ្លាក់ចុះនៅក្នុងវិបត្តិ និងធ្វើឱ្យគាត់មិនអាចលក់បានគ្រប់ទៅតាមផែនការ ដែលជាកត្តាជំរុញឱ្យជួបប្រទះនឹងបញ្ហាលំហូរសាច់ប្រាក់ ។

លោកស្រីបន្តថា “នៅពេលលំហូរសាច់ប្រាក់មានបញ្ហា លទ្ធភាព នៃការសងបំណុ​លទៅកាន់ម្ចាស់បំណុល ដែលយកកម្ចីមកប្រើប្រាស់ក្នុងអាជីវកម្ម ក៏មានបញ្ហាដូចគ្នា ហើយជាទូទៅ ដែលយើងបានជួបប្រទះពាក់ព័ន្ធនឹងបញ្ហាបំណុល”។លោកស្រីបន្តថា “បើសិនជាគាត់យកទៅចំគោលដៅឬត្រូវគោលដៅ គឺមិនសូវមានបញ្ហាក្នុងការលទ្ធភាពសងត្រលប់ទេ ប៉ុន្តែម្ចាស់អាជីវកម្មមួយចំនួន នៅពេលដាក់ពាក្យស្នើសុំកម្ចីគាត់ដាក់អាជីវកម្មA ហើយនៅពេលទទួលបានប្រាក់កម្ចី គាត់យកទៅប្រើនៅក្នុងអាជីវកម្មB ដែលមិនមែនជាកម្មវត្ថុនៃការដាក់​កម្ចី ដូច្នេះហើយអាចធ្វើឱ្យលទ្ធភាពសងត្រលប់ នៅពេលមានវិបត្តិនឹងជួបប្រទះនឹងបញ្ហា”។

ជាមួយគ្នានេះ លោកស្រីកែវ យ៉ាដា អនុប្រធានក្រុមប្រឹក្សាសមាគមវារីវប្បកម្មកម្ពុជាក៏បានលើកឡើងថា ក្នុងពេលវារីវប្បករជួបប្រទះ នឹងតម្លៃនិងទីផ្សារផលិតផលវារីវប្បកម្ម បានធ្វើឱ្យពួកគាត់ក៏ជួបនឹងបញ្ហាលំហូរសាច់ប្រាក់នេះដែរ។ អ្នកដែលមានទុនច្រើនក៏បន្តរក្សាត្រីក្នុងស្រះបន្តទៀត តែអ្នកដែលមិនមានទុនក៏ចាប់ផ្ដើមចាប់ត្រី ដើម្បីកែច្នៃជាលក្ខណៈគ្រួសារតាមបែបបុរាណ ដើម្បីលក់យកប្រាក់កម្រៃមកផ្គត់ផ្គង់ និងបងត្រលប់ទៅម្ចាស់បំណុលអ្នកខ្លះទៀត ក៏ចាប់ត្រីយកលក់តាមភូមិក្នុងតំបន់ ដើម្បីបានកម្រៃខ្លះៗសម្រា​ប់បង្វិលនៅក្នុងអាជីវកម្ម ។

លោកស្រីក៏ចង់ឱ្យរដ្ឋាភិបាល ជួយគាំទ្រហិរញ្ញប្បទាន ដល់វិស័យវារីវប្បកម្មដែលកំពុងជួបបញ្ហា ដូចវិស័យកសិកម្មដទៃទៀត ដែលមានធនាគារ ARDB បានគាំទ្រកន្លងមករហូតដល់បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here