ដោយៈ សុជាតា
ភ្នំពេញៈ អត្រាការប្រាក់នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែខ្ពស់ជាងធនាគារពាណិជ្ជនានា តើអ្វីជាមូលហេតុនៅពីក្រោយនេះ? សូមពិនិត្យមើលកត្តាសំខាន់ៗចំនួន៣នេះ។
ចំណាយលើថ្លៃប្រត្តិបត្តិការខ្ពស់ជាងធនាគារ (High operation cost)
ការចំណាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅមានកម្រិតខ្ពស់ បើធៀបនឹងធនាគារពាណិជ្ជនានា។ ជាមធ្យមមីក្រូហិរញ្ញវត្ថុ ត្រូវចំណាយលើថ្លៃប្រតិបត្តិការចំនួន៤៧% នៃការចំណាយសរុប។ ក្នុងនោះ១១%ជាថ្លៃឈ្នួល និងមួយផ្នែកធំត្រូវចំណាយលើមន្ត្រីឥណទាន ដែលគ្រិះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនត្រូវពឹងផ្អែកទៅលើ។
ការចំណាយទាំងនោះ រាប់បញ្ចូលទាំងថ្លៃធ្វើដំណើរផ្លូវឆ្ងាយ និងពេលវេលារបស់បុគ្គលិក។ ប៉ុន្តែវត្តមានរបស់ពួកគេអាចផ្សព្វផ្សាយ ព្រមទាំងភ្ជាប់អតិថិជន ជាមួយសេវាហិរញ្ញវត្ថុផ្សេងៗដែលនៅតំបន់ដាច់ស្រយាលផងដែរ។
ចំណាយលើថ្លៃហិរញ្ញប្បទានខ្ពស់ជាងធនាគារ (High funding cost)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រភព នៃការគៀងគរហិរញ្ញប្បទានមកពីប្រភពចំនួន២ ប្រភពធំៗ។ ទីមួយ គឺបានមកពីការដាក់បញ្ញើក្នុងស្រុក និងមួយទៀតគឺបានមកពីវិនិយោគិនបរទេស។
ដោយបញ្ញើរក្នុងស្រុក ដែលដាក់ក្នុងមីក្រូហិរញ្ញវត្ថុ មានអត្រាបញ្ញើខ្ពស់ជាងធនាគារ ដែលបានបង្ហាញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានថ្លៃចំណាយអត្រាការប្រាក់ខ្ពស់ជាងធនាគារ។ ចំណែកទុនពីវិនិយោគិនបរទេសមានការឡើងចុះពី ២,៥% ទៅ ៥% ដោយពឹងផ្អែកទៅលើប្រភេទនៃរូបិយប័ណ្ណ និងប្រភពទុន។
ហានិភ័យខ្ពស់ (High risk)
តាមរយៈការផ្ដល់កម្ចីដល់បុគ្គលឯកជន និងសហគ្រាសធុនតូច និងមធ្យម ដែលមិនមានឯកសារធានាគ្រប់គ្រាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រឈមនឹងហានិភ័យខ្ពស់ជាងធនាគារដែលផ្ដល់កម្ចីដល់អតិថិជន ដែលមានឯកសារធានាគ្រប់គ្រាន់ត្រឹមត្រូវ។ ដូច្នេះ អត្រាការប្រាក់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានកម្រិតខ្ពស់ទៅតាមកម្រិត នៃហានិភ័យរបស់អ្នកទទួលកម្ចីម្នាក់ៗ។
ជារួមការផ្ដល់អត្រាសេវាបញ្ញើ ឬកម្ចីក្នុងអត្រាខ្ពស់គឺមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ជាក់ស្តែងដើម្បីទាក់ទាញហិរញ្ញប្បទាន ក្នុងស្រុកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្ដល់អត្រាការប្រាក់ លើប្រាក់បញ្ញើខ្ពស់ជាងធនាគារ ស្របពេលដែលពួកគេក៏ផ្ដល់កម្ចីដែលមានកម្រិត នៃអត្រាការប្រាក់ខ្ពស់ជាងធនគារ ដោយហ៊ានប្រឈមនឹងហានិភ័យខ្ពស់ជាងធនាគារ៕