ដោយៈសុខុម
ភ្នំពេញ: វីរុសកូវីដ-១៩ អាចឆ្លងរីករាលដាលឆាប់រហ័សពាសពេញភពផែនដីរហូតក្លាយជាវិបត្តិសកលដ៏ធ្ងន់ធ្ងរ បំផុតប្រចាំសតវត្សរ៍ទី២១ ដែលបង្កវិនាសកម្មសោកសៅរួមមានការបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ ការបិទព្រំដែន ការបិទខ្ទប់ប្រទេស សេដ្ឋកិច្ចជាតិសំយ៉ុងក្បាលចុះ អាជីវកម្មនានាត្រូវក្ស័យធន ឬបិទផ្អាកដំណើរ ។ល។
ប៉ុន្តែទន្ទឹមនឹងការបង្កវិនាសកម្ម វិបត្តិកូវីដ-១៩ ដ៏កំណាចក៏បានផ្ដល់បទពិសោធន៍ និងមេរៀនដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានផងដែរ។ វាបង្រៀនយើងឱ្យចេះរៀបចំផែនការត្រៀមទុកកាន់តែប្រសើរ និងមានគំនិតច្នៃប្រឌិតជាងមុន រឹងមាំជាងមុន ដើម្បីរស់សម្របខ្លួនទៅនឹងស្ថានការណ៍ជាក់ស្ដែង។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញអន្តរជាតិមួយរូប។
ក្នុងនាមជាអ្នកជំនាញអន្តរជាតិមួយ លោក សុផា រតនៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ocean Technology Co.,Ltd បានលើកឡើងក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី Real Deal Talk Show ជាមួយក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia តាមប្រព័ន្ធអនឡាញថា មុនពេលផ្ទុះវិបត្តិកូវីដ-១៩ អ្វីៗដំណើរការរលូនតាមការគ្រោងទុក ឬអាចថាល្អប្រសើរជាងការគ្រោងទុកទៀតផង មិនថាទាំងក្នុងវិស័យឯក និងវិស័យរដ្ឋ ដោយអាជីវកម្មនានា និងការប្រកបមុខរបរទទួលទានរបស់ប្រជាពលរដ្ឋ ដំណើរការធម្មតាដោយគ្មានការព្រួយបារម្ភ។
ទោះជាយ៉ាងណា អ្នកជំនាញដែលបាននាំប្រពន្ធ័បច្ចេកវិទ្យា ម្យ៉ាងមានសមត្ថភាពប្រមូលទិន្នន័យ ដោយបំពាក់តាមទូរសព្ទ័ អាចកំណត់ទីតាំងពីការបង្លាស់ទីបានយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ដែលយើងគ្រប់គ្នាស្គាល់ថា GPS រូបនេះបានបន្ថែមថា ការឆ្លងរីករាលដាល បាននាំមកនូវការភ្ញាក់ផ្អើល ដែលគ្រប់គ្នាប្រុងប្រៀបខ្លួនមិនទាន់ ព្រោះមើលស្រាលថា វីរុសដែលផ្ទុះឡើងមុនគេបង្អស់នៅប្រទេសចិន នេះនឹងកើតឡើងតែមួយរយៈពេលប៉ុណ្ណោះ ហើយសាបរលាបទៅវិញដូចជំងឺ SARS ជាដើម ប៉ុន្តែអ្វីៗខុសការស្មាន។
លោកគូសបញ្ជាក់ថា ខណៈអាជីវកម្មខ្លះត្រូវបិទទ្វារ លោកសង្កេតឃើញថា ម្ចាស់អាជីវកម្មជាច្រើនទៀត រួមទាំងរូបលោកផង នៅតែមានស្មារតីរឹងមាំ ហើយព្យាយាមរិះគន់គ្រប់វិធី ធ្វើយ៉ាងណារក្សាអាជីវកម្មរបស់ខ្លួន ឱ្យឆ្លងផុតវិបត្តិនេះដោយជោគជ័យ។
លោកសុផា រតនៈបានបន្តថា យើងមិនត្រូវចុះចាញ់កូវីដ ឬគេចវេះពីកូវីដឡើយ តែផ្ទុយទៅវិញ យើងត្រូវរៀនសម្របខ្លួន និងរៀនរស់ជាមួយកូវីដ ព្រោះការភ័យស្លន់ស្លោមិនអាចជួយស្រោចស្រង់អ្វីបានឡើយ គឺមានតែធ្វើចិត្តឱ្យស្ងប់ ហើយព្យាយាមរកច្រកចេញទេ ទើបជាដំណោះស្រាយតែមួយគត។
លោកបានលើកឡើងថា វិបត្តិកូវីដជារឿងមួយ ហើយការធ្វើអាជីវកម្មគឺជារឿងមួយទៀត ដែលត្រូវតែបន្តដំណើរការទៅមុខជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ វិបត្តិនេះបានប្រៀន ឱ្យយើងកាន់តែរឹងមាំជាងមុន ព្រោះមនុស្សស៊ាំនឹងស្ថានភាពនេះទៅហើយ។
ជាចុងបញ្ចប់ លោកបានបង្ហាញសុទិដ្ឋិនិយម ដោយភាពជឿជាក់ខ្ពស់ថា ក្រោយវិបត្តិកូវីដផុតរលត់ សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក នឹងស្ទុះងើបឡើងលឿនជាងកាលមុនពេលផ្ទុះវិបត្តិសកលនេះទៅទៀត ដូចនេះយើងត្រូវត្រៀមលក្ខណឱ្យបានល្អចាប់ពីពេលនេះទៅ៕