លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាណែនាំឲ្យម្ចាស់គំរោងអភិវឌ្ឍន៍អចលនទ្រព្យនានាត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ឋសំរាប់ជនមានពិការភាព

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានណែនាំឱ្យម្ចាស់គម្រោងអភិវឌ្ឍដី ម្ចាស់គម្រោងសាងសង់ ឬម្ចាស់សំណង់ទាំងអស់ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងការរៀបចំប្រអប់សំបុត្រ នៅតាមគម្រោងអភិវឌ្ឍន៍ គម្រោងសាងសង់ និងសំណង់នានាផងដែរ។

យោងតាមសេចក្តីប្រកាសលេខ ១៥៣៨ ដនស/អរប/នី.ក. ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជា សុផារ៉ា បានឱ្យដឹងថា ម្ចាស់គម្រោងអភិវឌ្ឍដី ម្ចាស់គម្រោងសាងសង់ ឬម្ចាស់សំណង់ ត្រូវរៀបចំសួនច្បារជ្រាបទឹក និងដាំដើមឈើប្រណីត ដូចជា ធ្នង់ នាងនួន គ្រញូង និងរៀបចំសួនបៃតងមានដាំស្មៅ និងផ្កាដែលមានក្លិនក្រអូបនៅក្នុងគម្រោ​ងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់របស់ខ្លួនឱ្យបានស្អាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីសម្អាតទឹកកខ្វក់ ឬសំណល់រាវ មុននឹងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬតំប​ន់ទឹកសាធារណៈ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមស្តង់ដាបញ្ចេញទឹកកខ្វក់ ឬកម្រិតកំណត់ស្តង់ដានៃការបញ្ចេញ សំណល់រាវនៅគ្រប់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់”។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏ជម្រុញឲ្យអ្នកអភិវឌ្ឍត្រូវរៀបចំឱ្យមានធុងសំរាមរួម សម្រាប់រក្សាទុកនូវកញ្ចប់សំរាម សំណល់រឹងដែលបានវេចខ្ចប់ដោយថង់ក្នុងទីតាំង ឬបរិវេណគ្រប់គ្រងរបស់ខ្លួន និងធុងរក្សាទុកសំរាមសំណល់រឹងនៅតាមចំណែកដីឯកជននីមួយៗ និងច្រកយកសំរាមចេញ ព្រមទាំងគ្រប់គ្រងអនាម័យសមស្របតាមបទដ្ឋានបច្ចេកទេស នៅគ្រប់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់ទាំងអស់ផងដែរ។

លោកបន្តថា ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព គ្រប់ប្រភេទអាចចល័តចេញ-ចូល ឡើងចុះ និងប្រើប្រាស់ដោយងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ។
កន្លែងទាំងនោះមានជាអាទិ៍ ចំណតរថយន្ត ច្រកផ្លូវ ផ្លូវជម្រាល បង្កាន់ដៃសុវត្ថិភាព ទ្វារ និងដៃទ្វារ ជណ្តើរយោង និងទ្វារប៊ូតុងបញ្ចាំជណ្តើរយោង ឧបករណ៍ប្រាប់ដំណឹងជាសូរសំឡេង ស្លាកសញ្ញា ភ្លើងសញ្ញា បញ្ជរផ្តល់សេវា បន្ទប់ទឹក និងបរិក្ខារជំនួយសុវត្ថិភាពផ្សេងៗនៅតាមគម្រោងសាងសង់ ឬសំណង់នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here