ឥណ្ឌាគ្រោងលក់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជិត១០០ពាន់លានដុល្លារអាមេរិកដើម្បីដោះទាល់?

ដោយៈសុខុម

ញូដេលី: ប្រទេសឥណ្ឌាគ្រោងលក់ទ្រព្យសម្បត្តិ ជាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋឱ្យ រហូតដល់ទៅ៨១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ ដើម្បីដោះស្រាយបញ្ហាឱនភាពថវិកា (ការចំណាយលើប្រាក់ចំណូល)។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៣ សីហា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពអនាមិកដដែលបានទម្លាយទៀតថា ផែនការនេះនឹងរួមបញ្ចូលទាំងការលក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន បណ្ដាញបញ្ជូនថាមពលអគ្គិសនី និងបំពង់បង្ហូរឧស្ម័នផងដែរ។

ផែនការលក់នេះ គឺស្របតាមគោលនយោបាយដកទុន ជាយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ដែលក្នុងនោះរដ្ឋនឹងរក្សាការគ្រប់គ្រងវិស័យដែលបានកំណត់មួយចំនួនតូចប៉ុណ្ណោះ ហើយសល់ប៉ុន្មាន នឹងត្រូវលក់ឱ្យទៅវិស័យឯកជន។

រដ្ឋាភិបាលឥណ្ឌា បានគ្រោងចំណាយរហូត ដល់ទៅ២៣,៦ពាន់លានដុល្លារអាមេរិក ដែលបានពីការលក់ទ្រព្យសម្បត្តិជាតិបែបនេះ នៅឆ្នាំនេះរហូតដល់ខែមីនា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះចំណូលពន្ធដារ ដោយសារការរីករាលដាលវីរុសកូវីដ-១៩។

ខណៈសំណើដកទុនវិនិយោគចេញ កាន់តែធំជាងមុននៅឆ្នាំនេះ រាប់បញ្ចូលទាំងការបោះផ្សាយមូលបត្រ ជាសាធារណៈលើកដំបូង (IPO) ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Life Insurance Corp of India ព្រមទាំងការលក់ភាគហ៊ុន ក្នុងក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន Bharat Petroleum Corp និងក្រុមហ៊ុន Air India Ltd ជាដើម លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះនឹងប្រកាសផែនការលក់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ដែលគ្រប់គ្រងដោយក្រសួងចំនួន១១។

ប្រភពបានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិជាផ្លូវថ្នល់ អាចលក់បានតម្លៃ២១,៦ពាន់លានដុល្លារ ចំណែកឯផ្លូវដែកអាចលក់ បាន២០,២៣ពាន់លានដុល្លារ។ ពួកគេនិយាយទៀតថា ទ្រព្យសម្បត្តិក្នុងវិស័យថាមពលអគ្គិសនី អាចលក់បាន១៣,៥ពាន់លានដុល្លារ បំពង់បង្ហូរឧស្ម័ន អាចលក់បាន៨ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិទូរគមនាគមន៍អាចលក់បាន៥,៤ពាន់លានដុល្លារ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុឥណ្ឌា មិនអាចទាក់ទងសុំការបំភ្លឺភ្លាមៗបានទេជុំវិញបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here