ក្រសួងកសិកម្មជំរុញឲ្យមានការវិនិយោគពីវិស័យឯកជនដើម្បីជំរុញដល់ ការនាំចេញផ្លែមៀន

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមជាមួយក្រសួង ក្នុងការការជំរុញការនាំចេញផលិតផលផ្លែមៀន ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគ ក្នុងការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ឲ្យបានទាន់ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ផ្លែមៀនប៉ៃលិន ជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឲ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជាធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃ ពីហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។

ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងការបរទេ សនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បាននិងកំពុងសហការស្នើ សុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិននិងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យដូចជម្រាបជូនខាងលើ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារច​នាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធនឹងការលាងសម្អាត រម្ងាប់សមាសភាពចង្រៃ និងការវេចខ្ចប់ ដើម្បីធានាអនុលោម តាមលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ ដែលបានឯកភាពគ្នា គឺជាការងារបច្ចេកទេសដ៏សំខាន់មួយ សម្រាប់កំណត់នូវភាពជោគជ័យ ទាំងក្នុងដំណាក់កាលចរចាដែលរួមមានផងដែរ នូវការចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់នៅប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង។

ក្នុងន័យនេះ ទើបក្រសួងកសិកម្ម អំពាវនាវដល់វិស័យឯកជន និងដៃគូពាក់ព័ន្ធ ចូលរួមជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពដល់ការធ្វើវិនិយោគ ក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ឲ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកផលិតផល មកធ្វើការកែច្នៃនាមចេញឲ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

ឆ្លើយតបទៅនឹងគោលបំណង និងទិសដៅខាងលើនេះ ជាពិសេសដើម្បីលើកកម្ពស់ផលិតភាព និងពាណិជ្ជូបនីយកម្ម ផលិតផលកសិកម្មកម្ពុជា ក្រសួងកសិកម្មបានបញ្ជាក់ជូនដល់អ្នក ដែលមានបំណងវិនិយោគ លើការនាំចេញផលិតផលផ្លែមៀនស្រស់ អាចធ្វើការទំនាក់ទំនង ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលជាសេនាធិការបច្ចេកទេសរបស់ក្រសួង ដើម្បីទទួលបានការណែនាំផ្នែកបច្ចេកទេសពាក់ព័ន្ធ ឲ្យបានគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here