ប្រទេសសិង្ហបុរីគ្រោងបើកផ្លូវហោះហើរដំបូងបង្អស់សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច

ដោយៈសុខុម

សឹង្ហបុរី: ក្រុមការងារអន្តរក្រសួងដោះស្រាយបញ្ហាកូវីដ-១៩ នៃប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ សីហា ថា ប្រទេសនេះ គ្រោងបើកផ្លូវហោះហើរដំបូងបង្អស់របស់ខ្លួន សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច ជាមួយប្រទេសអាល្លឺម៉ង់ និងប្រទេសព្រុយណេ នៅថ្ងៃទី៨ ខែកញ្ញា ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ក្រោមគម្រោងផ្លូវហោះហើរពិសេសនេះ អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសដែលចាកចេញពីប្រទេសអាល្លឺម៉ង់ ឬប្រទេសព្រុយណេ អាចចូលមកប្រទេសសិង្ហបុរី បានដោយមិនចាំ​បាច់មានលិខិតបញ្ជាក់ថា អ្នកដំណើរនោះសម្រាកនៅតែផ្ទះ ដោយមិនបានចេញទៅណារហេតរហូតប៉ុន្មានថ្ងៃមុនពេលចេញដំណើរ។

ទោះជាយ៉ាងណា ពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដើម្បីរកវីរុសកូវីដ-១៩ ដែលរួមមានដូចជា ការធ្វើតេស្តមុនពេលចេញដំណើរ ក្នុងរយៈពេល៤៨ម៉ោងនៃការហោះហើរ ការធ្វើតេស្តពេលមកដល់នៅអាកាសយានដ្ឋាន Changi Airport និងការធ្វើតេស្តក្រោយពេលមកដល់៣ថ្ងៃ និង៧ថ្ងៃនៅគ្លីនិក ដែលត្រូវបានកំណត់ក្នុងប្រទេសសិង្ហបុរី។

ការខកខានមិនបានធ្វើតេស្តតាមលក្ខខណ្ឌតម្រូវ គឺជាបទល្មើសដែលអាចធ្វើចោទប្រកាន់បានក្រោមច្បាប់ស្តីពីជំងឺឆ្លង។ ក្រុមការងារអន្តរក្រសួងដោះស្រាយបញ្ហាកូវីដ-១៩ បានគូសបញ្ជាក់ថា អ្នកដំណើរដែលមិនគោរពតាមការណែនាំ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កណាមួយ ដែលត្រូវបានកំណត់យក។

មនុស្សម្នាក់ត្រូវបានចាត់ទុកថា ចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស គឺនៅរយៈពេល២សប្ដាហ៍ក្រោយ ពីពួកគេចាក់វ៉ាក់សាំងទាំង២ដូស មិនថាវ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna ឬវ៉ាក់សាំងដទៃទៀត ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ដូចជាវ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca ជាដើម។
នេះមានន័យថា កុមារអាយុក្រោម១២ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំង បាននៅឡើយ នឹងមិនអាចធ្វើដំណើរបានឡើយក្រោមគម្រោងនេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS)បាននិយាយថា ផ្លូវហោះហើរសម្រា​ប់អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងរួចនេះ នឹងបើកស្វាគមន៍ការធ្វើដំណើរ សម្រាប់គ្រប់គោលបំណង មិនថាដំណើរកម្សាន្ត ដំណើរបំពេញកិច្ចការជំនួញ ឬដំណើរមកលេងក្រុមគ្រួសារឡើយ។

អ្នកដំណើរមិនចាំបាច់គោរពតាមកម្មវិធីធ្វើដំណើរ ដែលមានការគ្រប់គ្រងតឹងរ៉ឹង ឬត្រូវមានអ្នកធានាឡើយ ប៉ុន្តែពួកគេត្រូវស្នាក់នៅក្នុងប្រទេសសិង្ហបុរី ឬប្រទេសដែលពួកគេចាកចេញ ពោលគឺអាល្លឺម៉ង់ឬព្រុយណេ រយៈពេល២១ថ្ងៃចុងក្រោយជាប់ៗគ្នា មុនពេលពួកគេចេញដំណើរមកកាន់ប្រទេសសិង្ហបុរី។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនេះ ពួកគេក៏ត្រូវធ្វើដំណើរឆ្ពោះត្រង់ មកកាន់ប្រទេសសិង្ហបុរី តាមផ្លូវហោះហើរដែលបានកំណត់ ដោយគ្មានការឈប់សំចតនៅតាមផ្លូវផដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here