គ្រឹះស្ថានហិរញ្ញវត្ថុពីរនៅកម្ពុជាសហការសម្រួលការផ្ទេរប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា

ដោយ ណេត

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការផ្ទេរប្រាក់របស់ពលករកម្ពុជា និងពលរដ្ឋរស់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង មកកាន់សាច់ញាតិនៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ និងធនាគារភ្នំពេញពាណិជ្ជ ម.ក (ធនាគារ ភីភីស៊ីប៊ែង) បានសហការក្នុងការផ្ដល់ភាពងាយស្រួលដែលអាចផ្ទេរប្រាក់ពីកូរ៉េ និងអាចដកប្រាក់តាមភ្នាក់ងាររបស់អេអឹមខេជាង ៦០០០កន្លែងទូទាំងប្រទេស ។

យោងតាមសេចកក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរឱ្យដឹងថា តាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអ្នកកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាអតិថិជនធនាគារ ភីភីស៊ីប៊ែងទំាងអស់ដែលកំពុងប្រើប្រាស់ជាមួយ PPCBank Mobile App អាចវេរលុយមកប្រទេសកម្ពុជាបានដោយគ្រាន់តែបញ្ចូលនូវចំនួនទឹកលុយដែលខ្លួនចង់វេរ និងវាយបញ្ចូលលេខទូរស័ព្ទអ្នកទទួលជាការស្រេច ហើយសម្រាប់អ្នកទទួលអាចទៅដកជាមួយភ្នាក់ងារ អេ អឹម ខេ ជិត៦០០០កន្លែង ដែលនៅជិតបំផុតទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា យើងជឿជាក់ថា ការចាប់ដៃគូសហការជាមួយ ធនាគារ ភីភីស៊ីប៊ែង នេះ នឹងកាន់តែផ្តល់ភាពងាយស្រួល សុវត្ថិភាព និងការសន្សំសំចៃខ្ពស់ទៅដល់អ្នកប្រើប្រាស់សេវាវេរ និងដកលុយទំាងក្នុង និងក្រៅប្រទេស ជាពិសេសពីប្រទេសកូរ៉េ ក្នុងសម័យឌីជីថលនេះតែម្តង ។ បន្ថែមលើនេះ ភាពជាដៃគូសហការជាមួយធនាគារ លំដាប់មួយក្នុងស្រុកនេះដែរ នឹងកាន់តែធ្វើឲ្យស្ថាប័នទំាងពីរអាចពង្រឹងសក្តានុពលសេវាកម្មរបស់ខ្លួនបន្ថែមមួយកម្រិតថែមទៀត ដើម្បីអាចផ្តល់សេវាកម្មល្អ និងអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជន ។

លោក Lim Jong Won នាយកជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង ក៏បានឆ្លៀតឱកាសសំដែងនូវសេចក្តីសោមនស្ស រីករាយចំពោះភាពជាដៃគូនេះដែរ និងមានការលើកឡើងដូច្នេះថា “ ចក្ខុវិស័យរបស់ធនាគារ ភីភីស៊ីប៊ែង គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជា អាចមានលទ្ធភាពប្រើប្រាស់សេវាធនាគារកាន់តែមានលក្ខណៈងាយស្រួល។ ដូច្នេះ តាមរយៈបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយ និង វឌ្ឍនភាពរបស់ អេ អឹម ខេ ដែលជាដៃគូយើងបច្ចុប្បន្ន យើងមើលឃើញថា អតិថិជនទាំងអស់ នឹងមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប ដែលមានភាពងាយស្រួល និងសន្សំសំចៃខ្ពស់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធនាគារ ភីភីស៊ីប៊ែង ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាស្ថាប័នហិរញ្ញវត្ថុដែលមានភាព រឹងមំាទៅលើបណ្តាញប្រតិបត្តិការទូលំទូលាយទូទាំងប្រទេស ផលិតផលហិរញ្ញវត្ថុដ៏សម្បូរបែប និងការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារ ហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការពាំនាំផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុក្នុង ប្រទេសផងដែរ ។ កិច្ចសហការនេះដែរ គឺជាឧទាហរណ៍មួយដែលកំពុងបង្ហាញពីភាពរឹងមាំ និងសក្កានុពលរបស់ស្ថាប័នទាំងពីរនេះនៅក្នុង ទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here