ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ាហ៊ុន ឡាក់បានថ្លែងថា រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំអង្ករ ត្រូវការទុនប្រមាណជាង២០០លានដុល្លារ ក្នុងការប្រមួលទិញស្រូវ របស់កសិករ ដែលនឹងចូលមកដល់នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកបានបន្តថា ទុនដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់ឲ្យរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ សម្រាប់ស្តុកទុកមានប្រមាណ៥០លានដុល្លារ គឺស្មើប្រមាណ១ ភាគ៤ នៃតម្រូវការទុនសរុប សម្រាប់ការប្រមូលទិញស្រូវ ពីកសិករដែលជាការ ចូលប្រមូលទិញស្រូវស្តុកទុក និងលើកតម្លៃស្រូវ របស់កសិករឲ្យមានស្ថិរភាព។
លោកឧកញ៉ាបន្តថា “កម្ចីដែលផ្តល់ឲ្យដោយ ធនាគារអភិវឌ្ឍន៍ជនបទប្រមាណ៥០លានដុល្លារ ជាកម្ចីដ៏ល្អខ្លាំង សម្រាប់រោងម៉ាស៊ីនកិនស្រូវ និងអ្នកកែច្នៃនាំចេញមួយចំនួនដើម្បីបង្កើនសមត្ថភាព លើទុនបន្ថែមរបស់ខ្លួន ដែលមានស្រាប់ក្នុងការចូលរួមប្រមូលទិញ និងគាំទ្រដល់ទិន្នផលស្រូវ របស់កសិករបន្ថែមទៀត”។លោកឧកញ៉ាបន្តថា “វាសំខាន់ណាស់ ដែលវានឹងបន្ថែមលើទុន របស់រោងម៉ាស៊ីនដែលមានស្រាប់ ព្រោះនៅសល់តែប៉ុន្មានសប្តាហ៍ទៀតនេះ គឺការប្រមូលផលស្រូវប្រាំងនឹងមកដល់ហើយ”។
ជាមួយគ្នានេះ លោកឧកញ៉ាភួ ពុយប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការប្រមូលផលស្រូវដែលបាននិងកំពុងចាប់ផ្តើមនេះ គុណភាពស្រូវល្អនៅតំបន់ខ្លះ និងមិនសូវល្អនៅតំបន់ខ្លះ ដោយសារភាពរាំងស្ងួតច្រើននៅឆ្នាំនេះ។
លោកបន្តថា “ស្រូវឆ្នាំនេះមានតម្លៃទាប បើធៀបនឹងឆ្នាំមុន ដោយសារការនាំចេញរបស់យើងធ្លាក់ចុះ ពិសេសបញ្ហាដឹកជញ្ជូនថ្លៃ និងបញ្ហាមួយចំនួនទៀតទាក់ទងនឹងការនាំចេញ”៕