ដោយៈលក្ខិណា
ភ្នំពេញៈ យានយន្តចំនួនជាង២៤ម៉ឺនគ្រឿង ត្រូវបានចុះបញ្ជីនៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ មានការធ្លាក់ចុះប្រមាណ៧ភាគរយ។ នេះបើតាមលោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកមានប្រសាសន៍កាលពីពេលថ្មីៗនេះ។
លោកបន្តថា ការធ្លាក់ចុះនៃការចុះបញ្ជីយានយន្ត នៅក្នុងរយៈពេល១ឆមាសឆ្នាំ ២០២១នេះ គឺបណ្ដាលមកពីផលប៉ះពាល់នៃកូវីដ១៩ ជាពិសេសក្នុងព្រឹត្តិការណ៍២០ កុម្ភៈ២០២១នេះ ដោយក្នុងឆ្នាំ២០២១រយៈពេល៦ខែក ម្ពុជាទទួលបានការចុះបញ្ជីសរុបចំនួន២៤៨.៨៥០គ្រឿង ។
លោកបន្តទៀតថា ដើម្បីជំរុញការចុះបញ្ជីយានយន្ត ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកនូវមណ្ឌលផ្ដល់សេវាសាធារណៈ នៅតាមរាជធានីខេត្តមួយចំនួនក្នុងនោះ រាជធានីភ្នំពេញមាន៤ទីតាំង មាននៅផ្សារទំនើបអ៊ីអន១អ៊ីអន២ ផ្សារទំនើបជីបម៉ុង និងមណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួង ដោយផ្ទាល់។
ចំណែកនៅសៀមរាបមាន១កន្លែង គឺនៅផ្សារទំនើប Heritage Walk ក្នុងក្រុងសៀមរាប ។ ក្រៅពីនោះ ក្រសួងក៏បានធ្វើប្រតិភូកម្មមុខងារនេះ ទៅថ្នាក់ក្រោមជាតិគឺទៅរាជធានី ក្រុងខេត្ត ដើម្បីឱ្យការផ្ដល់នូវសេវាសាធារណៈ កាន់តែជិតប្រជាពលរដ្ឋដែលបង្កភាពងាយស្រួលដល់ពួកគាត់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋធ្វើការចុះបញ្ជី យានយន្តឱ្យបានច្រើនហើយត្រឹមត្រូវតាមច្បាប់កំណត់ ។
គិតពីឆ្នាំ១៩៩០ ដល់ដំណាច់ខែមិថុនា២០២១នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទទួលបានការចុះបញ្ជីយានយន្ត នៅទូទាំងប្រទេសបានចំនួនសរុប៦.១៣២.២០០គ្រឿង ដោយក្នុងនោះរថយន្តមានចំនួនជាង៩២ម៉ឺនគ្រឿង និងម៉ូតូមានចំនួន៥លាន២១ម៉ឺន២ពាន់គ្រឿង ។
អ្នកនាំចូលរថយន្តមកកម្ពុជា ក៏បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩មក ការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា បានចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីឆ្នាំ២០២០កន្លងទៅ ការនាំចូលរថយន្តធ្លាក់ចុះប្រមាណ១០ភាគរយ ពីព្រោះប្រជាពលរដ្ឋកម្ពុជាមួយចំនួន ចាប់ផ្ដើមមានផលប៉ះពាល់លើប្រាក់ចំណូលនិងមិនចង់ដូរស៊េរីរថយន្តទំនើបៗ៕