ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ការវិនិយោគរយៈពេលវែង ជាការវិនិយោគដ៏ល្អមួយក្នុងផ្សារមូលបត្រ ឬទីផ្សារសញ្ញាប័ណ្ណនៅកម្ពុជា ដែលបច្ចុប្បន្នសាធារណៈជន បានចាប់ផ្តើមវិនិយោគលើផ្នែកនេះកាន់តែច្រើន។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៨ សីហានេះថា ការវិនិយោគរយៈពេលវែង ជាការវិនិយោគដ៏ល្អមួយ ដែលអ្នកវិនិយោគត្រូវសិក្សាលើមូលដ្ឋានសំខាន់ចំនួន៣ ទី១ ពីកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុននោះ ទី២ ជាក្រុមហ៊ុនមានការរីកចម្រើនល្អឬអត់ និងទី៣ តើក្រុមហ៊ុននោះអាចនឹងក្ស័យទុនឬទេ នៅរយៈពេល១០ទៅ២០ឆ្នាំខាងមុខ។
លោកបន្តថា “ក្រុមហ៊ុនស្ថិតនៅក្នុងផ្សារមូលបត្រ នៅកម្ពុជាមានភាពរីកចម្រើន និងមានប្រាក់ចំណេញចន្លោះ១៥ ទៅ២០ភាគរយជារៀងរាល់ឆ្នាំ ដែលជាក្រុមហ៊ុនល្អនិងមានភាពរ៉ឹងមាំ”។
លោកហុង សុហួរបានបន្តថា បច្ចុប្បន្នផ្សរាមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន១៣ កំពុងបោះលក់មូលបត្រ និងសញ្ញាប័ណ្ណ ក្នុងនោះក្រុមហ៊ុនចំនួន៧បានបោះលក់មូលបត្រ និងក្រុមហ៊ុនចំនួន៦ទៀតបានបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលកំពុងមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់៕