ដោយៈសុខុម
បាងកក: ដោយមើលឃើញទីផ្សារលំនៅដ្ឋានកម្ពស់ទាប មានសន្ទុះកើនឡើងខ្លាំងអំឡុងវិបត្តិកូវីដ-១៩ ក្រុមហ៊ុនអភិវឌ្ឍន៍ Noble Development ដែលចុះបញ្ជីក្នុងទីផ្សារមូលបត្រថៃ គ្រោងងាកទៅបង្កើនការវិនិយោគ ដើម្បីក្ដោបក្ដាប់ឱកាសទីផ្សារក្នុងផ្នែកនេះ។
យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១៦ សីហា ឱ្យដឹងថា គំរោងចំនួន៦ ស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន កម្ពស់ទាបចំនួន១៧គម្រោងរបស់ខ្លួន កំពុងត្រៀមចាប់ផ្ដើមដំណើរការឆាប់ៗនេះ ទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។
លោក Thongchai Busrapan ប្រធានក្រុមហ៊ុនខាងលើនេះបានលើកឡើងថា ក្រុមហ៊ុន Noble Development បានទិញដីថ្មីៗជាច្រើនទីតាំង ក្នុងត្រីមាសទី២ សម្រាប់ការអភិវឌ្ឍជាលំនៅដ្ឋាន ព្រោះទីផ្សារលំនៅដ្ឋានកម្ពស់ទាប មានសន្ទុះកើនឡើងជាលំដាប់ សូម្បីអំឡុងពេលវិបត្តិកូវីដ-១៩ រលកទី៣។
លោកថ្លែងបន្តថា “នៅឆ្នាំក្រោយប្រាក់ចំណូលរបស់យើង នឹងទទួលបានចម្រុះពីវិស័យខុនដូ និងលំនៅដ្ឋានកម្ពស់ទាប។ លំនៅដ្ឋានកម្ពស់ទាប នឹងមានសន្ទុះកើនឡើងដល់៣០% ខណៈចំណូលពីខុនដូ ដែលជាប្រភពចំណូលដ៏ចម្បងរបស់យើង នឹងកាត់បន្ថយមកត្រឹម៧០%”។
ក្រុមហ៊ុន Noble Development បានត្រៀមគម្រោងថ្មីៗចំនួន១៧ ជាមួយតម្លៃលក់សរុប៥៧.៦ពាន់លានបាត (១,៧៣ពាន់លានដុល្លារអាមេរិក) ដែលនឹងត្រៀមបើកដំណើរការចាប់ពីឆមាសទី២ ឆ្នាំ២០២១ នេះរហូតដល់ឆ្នាំ២០២២។ គម្រោងចំនួន៦ក្នុងចំណោមនោះដែលមានតម្លៃសរុប១២.៩ពាន់លានបាត (៣៨៧លានដុល្លារអាមេរិក) គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្ពស់ទាប ដែលមាននៅ ដូចជា Don Mueang, Ekamai-Ram Intra, Suksawat, Rat Burana និង Ratchaphruek។
គម្រោងចំនួន៤ ជាការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន BTS Group Holdings Plc ដែលមានដីធំៗជាច្រើនកន្លែង នៅជាយក្រុងបាងកក ក្នុងតំបន់ដូចជា Suksawat និង Rat Burana ជាដើម។
នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១ ក្រុមហ៊ុន Noble Development ទទួលបានការលក់មុនបញ្ចប់គម្រោង (Presale) គិតជាទឹកប្រាក់សរុប៤,២៦ពាន់លានបាត (១២៨លានដុល្លារអាមេរិក) ដោយកើនឡើង៦២%។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ បានឈានដល់៧៨៦លានបាត (១៤៧លានដុល្លារអាមេរិក) ដោយកើនឡើង២២%៕