ដោយៈគង់ ម៉ាលីនណា
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យការកែលម្អរង្វង់មូលតោពីរ និងសួនច្បារវេទិកាបុណ្យជាតិ ស្ថិតនៅក្រុងព្រះសីហនុ។
លោកគួច ចំរើនបានថ្លែងក្នុងពេលចុះពិនិត្យទីតាំងខាងលើនៅព្រឹកថ្ងៃទី១៨ សីហានេះថា ការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិការបុណ្យជាតិពេលនេះ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានប៉ូលសេដ្ឋកិច្ចទាំងបីនៃកម្ពុជា។
លោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរខាង ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមាន គុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដត្រូវបានបញ្ចប់នៅពេលខាងមុខ។
ខេត្តព្រះសីហនុ បានធ្វើការអភិវឌ្ឍរីកចម្រើន នូវហេដ្ឋារចនាសម្ពន្ធនានាជាច្រើន មានដូចជា ផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ដែលជាការទាក់ទាញភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត មកលេងកម្សាន្តនាពេលខាងមុខ។
រង្វង់មូលតោពីរមានផ្ទៃក្រឡា ប្រមាណ១.៣០០ម៉ែត្រការ៉េ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានធ្វើការកែលម្អខឿនឱ្យស្មើរ និងរៀបចំសួនច្បារឱ្យមានសោភ័ណភាព នៅខាងមុខរង្វង់មូលតោពីរ ក៏បានរៀបចំសួនច្បារ សម្រាប់ភ្ញៀវទេសចរថតរូបលេងកម្សាន្តផងដែរ។
រីឯសួនច្បារនៅខាងមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ មានផ្ទៃក្រឡាប្រមាណ១៦.០០០ម៉ែត្រការ៉េ បានរៀបចំកែលម្អឱ្យមានសោភណភាព បរិស្ថាន ក៏ជាទីតាំងរៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិសេសទៀតជាកន្លែងសាធារណៈសម្រាប់សាធារណៈ ជនដើរហាត់ប្រាណ៕