ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងសម័យបច្ចេកវិទ្យាកាន់តែរីកចម្រើន វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានយកបច្ចេកវិទ្យាឌីជីថលនេះ មកប្រើប្រាស់ដើម្បីជំរុញការលក់ផលិតផល និងសេវារបស់ខ្លួននៅក្នុងបរិបទកូវីដ១៩ ជាក់ស្ដែងពេលបច្ចុប្បន្ននេះធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនបានចាប់យកឌីជីថល ជាយុទ្ធសាស្ត្រសម្រាប់លក់ផលិតផល និងសេវាដើម្បីជំរុញ អ្នកប្រើប្រាស់ឱ្យកាន់តែច្រើន។
លោករស់ សុខា អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកសេវាកម្មនៃធនាគារ SBI Lyhour Bank បានឱ្យដឹងថា បច្ចុប្បន្នយើងឃើញថាធនាគារភាគច្រើន បានដុតដៃដុតជើង ដើម្បីជំរុញដាក់លក់ផលិតផល និងសេវាកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធឌីជីថល ដែលប្រើប្រាស់ជាស្មាតហ្វូន ដូចជា ការទូទាត់ការចំណាយនានា ការទិញទំនិញតាមអនឡាញ ក៏មានដាក់នៅក្នុង App របស់ធនាគារឬមីក្រូហិរញ្ញវត្ថុទាំងនោះដែរ ។
លោកបន្តថា “ថ្មីៗនេះធនាគារជាតិនៃកម្ពុជា ក៏បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងធនាគារតាមបាគង ដោយមិនកាត់សាច់ប្រាក់ ហើយធនាគារនិងមីក្រូហិរញ្ញវត្ថុនានាក៏មានប្រព័ន្ធរបស់ខ្លួនរៀងៗខ្លួន សម្រាប់អតិថិជនប្រើប្រាស់ ព្រមជាមួយនឹងការទូទាត់តាមQR Code”។លោកបន្តថា “ប្រព័ន្ធបាគងនេះដែរ ក៏អាចទូទាត់ឆ្លងប្រទេស បានដែរជាក់ស្ដែងធនាគារជាតិ បានសហការជាមួយខាងភាគីថៃ ហើយថ្មីៗនេះក៏បានសហការជាមួយប្រទេសម៉ាឡេស៊ី ក្នុងការផ្ទេរប្រាក់ទៅវិញទៅមកតាមប្រព័ន្ធនេះ និងអាចឈានដល់ការប្រើប្រាស់ជាលក្ខណៈពិភពលោកផងដែរ”។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានលើកឡើងផងដែរថា កំណើនអ្នកប្រើប្រាស់អេបធនាគារ នៅក្នុងពេលបច្ចុប្បន្ននេះកាន់តែច្រើន និងបានជួយសម្រួល ដល់ការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ផងដែរ។
លោកថា “មានស្មានហ្វូន និងភ្ជាប់Appធនាគារមួយ ដូចមានអគ្គនាយកធនាគារម្នាក់នៅផ្ទះអញ្ចឹងដែរ គឺអតិថិជនអាចធ្វើការទូទាត់ការចំណាយ បង់ថ្លៃទឹកភ្លើង ទិញកាតទូរសព្ទ និងមានធនាគារខ្លះ សហការជាមួយក្រុមហ៊ុនលក់ទំនិញ អាចទិញទំនិញតាមអេបរបស់ធនាគារបានថែមទៀតផង”។
លោកបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងបរិបទកូវីដ១៩នេះ កំពុងតែពេញនិយមកាន់តែច្រើនផងដែរ ហើយវាក៏ជាការចូលរួមមួយជាមួយរដ្ឋាភិបាល ក្នុងការជំរុញដំណើរការសេដ្ឋកិច្ចឌីជីថល ដែលជាផែនការមួយរបស់កម្ពុជា។ ការប្រើប្រាស់បច្ចេកវិទ្យានេះ ក៏ជាការចូលរួមក្នុងការសន្សំថវិការាជរដ្ឋាភិបាល តាមរយៈការមិនបោះពុម្ពក្រដាស់ប្រាក់បន្ថែម និងរក្សាបានស្ថានភាពលុយនៅតែថ្មីជានិច្ច៕