ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ តម្លៃទំនិញមួយចំនួននៅលើទីផ្សារ ទាក់ទងនឹងសំណែនសែនក្បាលទឹក ពិសេសខាងផ្នែកម្ហូបអាហារ គ្រឿងទេស ត្រូវបានតម្លើងថ្លៃដូចរៀងរាល់ឆ្នាំ និងមួយចំនួនផ្សេងទៀតរក្សាតម្លៃនៅដដែល។
អាជីករបោះដុំនិងរាយសាច់ជ្រូក នៅដើមគរ រាជធានីភ្នំពេញ អ្នកស្រីជីន សៀងហៃ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ សីហានេះថា រយៈពេលប្រមាណ៣ខែក្រោយនេះ ការលក់ថយចុះខ្លាំង បន្ទាប់ពីផ្ទុះខ្លាំងនៃការរាតត្បាតជំងឺកូវី១៩នេះ។ ដោយឡែក ទាក់ទងសំណែនក្បាលទឹកនាពេលខាងមុខ ការលក់ក៏ថយដូចគ្នាបើធៀបនឹងឆ្នាំមុនៗ ដែលជាមធ្យម ក្នុងរដូវសែនអាចលក់ចេញប្រមាណ១០០គីឡូ ប៉ុន្តែឆ្នាំនេះគិតត្រឹមថ្ងៃនេះលក់ចេញបានតែ២០ ទៅ៣០គីឡូប៉ុណ្ណោះ។
អ្នកស្រីបន្តថា តម្លៃសាច់ជ្រូកមិនមានការប្រែប្រួលទេ ដោយសាច់ជ្រូក(បីជាន់) ២២,០០០រៀល ចាឡាំង ២៣,០០០រៀល និងឆ្អឹងស៊ុប ១៨,០០០រៀល ក្នុង១គីឡូក្រាម។
ចំណែកអាជីវករលក់មាន់ផ្សេងទៀត អ្នកស្រី សុខ ចិន្តា បានលើកឡើងថា ក្នុងរដូវសែន មិនថាសែនក្បាលទឹក ឬសែនឆ្នាំចិននោះទេ ពិសេសមុនករណីផ្ទុះវីរុសកូវីដ១៩ គឺអាចលក់មាន់ចេញអស់ប្រមាណ ២០០ក្បាល ប៉ុន្តែមកដល់ពេលនេះ លក់ចេញប្រមាណតែ ១០០ក្បាលប៉ុណ្ណោះ។ រីឯតម្លៃមាន់បច្ចុប្បន្ន ក្នុង១គីឡូក្រាម ថ្លៃ២៨,០០០រៀល ប៉ុន្តែចាប់ពីស្អែកទៅ គឺឡើងដល់ ៣២,០០០រៀល ដោយសារអ្នកបោះបន្តពីខេត្តឡើងថ្លៃដូច គ្នា។
ដោយឡែក អាជីវករ ២នាក់ផ្សេងទៀត អ្នកនាង ស្រីមុំ និងលោក សុខជា ខាងផ្នែកលក់គ្រឿងទេសដូចគ្នា បានត្អូញត្អែរថា ចាប់តាំងពីការបិទខ្ទប់ ដោយសាររាលដាលឆ្លងជំងឺកូវីដ១៩ ធ្វើឲ្យការលក់ថយជាខ្លាំង ដោយក្នុងមួយថ្ងៃ មានភ្ញៀវមកទិញទំនិញមិនដល់ ១០នាក់ផងនោះ ហើយការទិញក៏មិនច្រើនដូចមុនផងដែរ ដោយសារសេដ្ឋកិច្ចគ្រួសារថយចុះដូចគ្នា។
ពីមួយឆ្នាំទៅមួយ ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន ប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរកាត់វៀតណាមនៅកម្ពុជា នាំគ្នាប្រារព្ធពិធីសែនក្បាលទឹក ឬហៅថាបុណ្យភ្ជុំចិន ដែលជាប្រភេទបុណ្យប្រពៃណី ទំនៀមទម្លាប់មួយ របស់ជនជាតិចិន ដែលតែងតែនិយមធ្វើជារៀងរាល់ឆ្នាំ ដែលសំណែនមានដូចជា ម្ហូបអាហារ ផ្លែឈើ ជ្រូកខ្វៃ និងនំពងទាជាដើម។ ពិធីសែនក្បាលទឹកឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហាខាងមុខ៕