តើពន្ឋលើអចលនទ្រព្យទាំង៤ប្រភេទនៅកម្ពុជាគ្របដណ្តប់លើផ្នែកអ្វីខ្លះ

ដោយៈវ៉ាត វិន

ភ្នំពេញៈ ពន្ធលើអចលនទ្រព្យនៅប្រទេសកម្ពុជា ត្រូវបានបែងចែងជា៤ប្រភេទសំខាន់ៗដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល។ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូច្នេះក្នុងនាមជាអ្នកលក់​ អ្នកទិញ និងម្ចាស់អចលទ្រព្យ ​​ អ្នកគួរស្វែងយល់បន្ថែមអំពីពន្ធទាំងនេះ ដើម្បីជាចំណេះដឹងមូលដ្ឋាន ជៀសវាងរាល់ការចំណាយ និងការផាកពិន័យមិនចាំបាច់ផ្សេងៗ។

ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះ អគារ​​ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។​​ ពន្ធនេះចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើ​សពី១០០លានរៀល ឬស្មើនឹង ២៥,០០០ ដុល្លារអាមេរិក។ តម្លៃទីផ្សារអចលនទ្រព្យត្រូវបានវាយតម្លៃ ដោយណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ ប្រភេទអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដូចជា ដីកសិកម្ម ដីរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងអគារដែលកំពុងសាងសង់ (សាងសង់ក្រោម៨០%) ហើយដែលមិនទាន់ត្រូវបានប្រើប្រាស់។

ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់
ពន្ធលើ​ដីធ្លី​មិនបាន​ប្រើប្រាស់​នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងឆ្នាំ១៩៩៥ ត្រូវបានកំណត់​លើដីប្រភេទលំនៅដ្ឋាន​ ដែល​គ្មាន​សំណង់ និង​ដី​ដែលមាន​សំណង់តែត្រូវបាន​បោះបង់​ ដែលស្ថិតនៅក្នុង​ទីក្រុង​នានា និង​ក្នុង​តំបន់ទាំងឡាយណា ដែល​កំណត់ដោយ​គណៈកម្មកា​រ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់។​
ពន្ធនេះត្រូវបានកំណត់ក្នុងអត្រា២ភាគរយ ទៅតាមតម្លៃទីផ្សារនៃដីក្នុងមួយម៉ែត្រការ៉េ។

ពន្ធប្រថាប់ត្រា​ (ពន្ធលើការផ្ទេរអចលនទ្រព្យ​)
ពន្ធប្រថាប់ត្រានេះ ត្រូវបានកំណត់ក្នុងអត្រា៤ភាគរយ ដោយ​គណៈកម្មកា​រ​វាយតម្លៃអចលនទ្រព្យ ផ្អែកតាមតម្លៃទីផ្សារទិញលក់ និងផ្ទេរកម្មសិទ្ធនៃអចលនទ្រព្យនោះ។ ជាទូទៅពន្ធនេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែក្រោយពីការផ្ទេរកម្មសិទ្ធិ​។

ពន្ធលើឈ្នួលអចលនទ្រព្យ
ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានអនុវត្តន៍លើប្រជាជនខ្មែរ និងជនបរទេស​ដែលជាម្ចាស់នៃអចលនទ្រព្យដាក់ជួល​ ប៉ុន្តែត្រូវបានកំណត់អត្រាពន្ធកាត់ទុកផ្សេងគ្នា។ ចំពោះប្រជាជនខ្មែរ ត្រូវបង់ពន្ធកាត់ទុកចំនួន១០%​​ ចំណែកជនបរទេសត្រូវបង់ពន្ធ​១៤% ពីប្រាក់ចំណូល ដែលពួកគេទទួលបានពីការជួល អចលនទ្រព្យជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here