រដ្ឋាភិបាលថៃត្រូវការកញ្ចប់ថវិកា៣០ពាន់លានដុល្លារ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចដែលសំយ៉ុងក្បាលចុះ

ដោយៈសុខុម

បាងកក: ទេសាភិបាលនៃធនាគារកណ្តាលថៃ (BoT) បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១៦ សីហា ថា ថៃ ត្រូវការកញ្ចប់ថវិកា១ទ្រីលានបាត (ប្រមាណ៣០ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីស្រោចស្រង់ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូល ខណៈប្រទេសនេះកំពុងរងវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរបំផុតនៅពេលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ករណីឆ្លង និងករណីស្លាប់ដោយសារវីរុសកូវីដ-១៩ បានកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ហើយកត្តានេះបានជំរុញរដ្ឋាភិបាល បន្តអនុវត្តវិធានការទប់ស្កាត់កាន់តែតឹងរ៉ឹងរហូតមកទល់ពេលនេះ និងបានពង្រីកវិសាលភាពអនុវត្តន៍ ទៅលើវិស័យនានាដែលមានចំណែកស្មើប្រមាណ៨០% នៃផលិតផលក្នុងស្រុកសរុប (GDP)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sethaput Suthiwartnarueput ទេសាភិបាលនៃធនាគារកណ្តាលថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ជំនួយគាំទ្រប្រមាណ៣០ពាន់លានដុល្លារ ឬស្មើនឹង៧%នៃ GDP នេះគឺសមស្របបើគិតពីបញ្ហាធ្ងន់ធ្ងរ ដែលសេដ្ឋកិច្ចកំពុងប្រឈមមុខ។

លោកបានគូសបញ្ជាក់ថា បញ្ហាទាំងនេះគឺធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុអាស៊ី ក្នុងឆ្នាំ១៩៩៧ ទៅទៀត។ លោកថ្លែងថា ជំហរសារពើពន្ធរបស់រដ្ឋាភិបាលគឺរឹងមាំ ហើយអាចខ្ចីបានបន្ថែមទៀតដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច។

លោកបានធ្វើកាតារកត់សម្គាល់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចថៃ បាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយតាមការរំពឹងទុកថា ការបាត់បង់ប្រាក់ចំណូ​លមានចំនួន២,៦ទ្រីលានបាត (៧៨ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២០-២០២១ និង៨០០ពាន់លានបាត (២៤ពាន់លានដុល្លារ) នៅឆ្នាំ២០២២។

លោកលើកឡើងទៀតថា ចំនួនអ្នកគ្មានការងារធ្វើត្រូវបានរំពឹងថា នឹងមានចំនួន៣,៤លាននាក់នៅចុងឆ្នាំ២០២១ ដោយកើនឡើងពីចំនួន៣លាននាក់ក្នុងត្រីមាសទី២។

លោកបានគូសបញ្ជាក់ថា “ធនាគារកណ្តាលថៃ បានរក្សាចក្ខុវិស័យកំណើន GDP ០,៧%របស់ខ្លួននៅឆ្នាំនេះ បើទោះបីជាត្រីមាសទី២ ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុកក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here