ដោយៈតារារះ
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ឋបានថ្លែងថា តម្រូវការធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧបករណ៍មន្ទីរពិសោធន៍ ជាកិច្ចការដែលត្រូវយកចិត្តទុកដាក់បំផុត។
លោករដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវអាគារមន្ទីរពិសោធន៍ជាតិថ្មីទី២ សម្រាប់ការពិសោធន៍ និងបញ្ជាក់គុណភាពលើផលិតផលចំណីអាហារ សម្ភារៈប្រើប្រាស់ និងវត្ថុធាតុដើមនានា នៅក្នុងកិច្ចការឧស្សាហកម្ម សិប្បកម្ម កសិកម្ម និងសំណង់នាព្រឹកថ្ងៃទី១៧ សីហានេះថា ការងារវិទ្យាសាស្ត្រ និងមន្ទីរពិសោធន៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទនៃការរីកចម្រើន នៃនិន្នាការសាកលនាពេលបច្ចុប្បន្ន។ ដូច្នេះទៅថ្ងៃខាងមុខ។
លោកលើកឡើងបន្តថា “សមិទ្ធផលអគារទាំងពីរដែលបានសាងសង់រួចនេះ មិនត្រឹមបម្រើជាការិយាល័យធ្វើការ និងសាលប្រជុំសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប៉ុណ្ណោះទេ ដោយនៅគ្រប់ជាន់នៃអគារទាំងពីរនេះ មានមុខងារលើផ្នែកមន្ទីរពិសោធន៍ផ្សេងៗគ្នា”។
មន្ទីរពិសោធន៍នេះ មានមុខងារដូចជា បន្ទប់មន្ទីរពិសោធន៍សម្រាប់សិក្សាស្រាវជ្រាវ បន្ទប់ពិសោធន៍សម្រាប់គ្រឿងយន្ត បន្ទប់ពិសោធន៍សម្រាប់ថ្ម និងខ្សាច់ បន្ទប់ពិសោធន៍សម្ភារៈសំណង់ដូចជា ដី, ដែក, បេតុង, ស៊ីម៉ង់ត៍ និងល្បាយថ្ម, មន្ទីរពិសោធន៍បរិក្ខាម៉ាស៊ីនបូមទឹក បន្ទប់ពិសោធន៍ផលិតផលឧស្សាហកម្ម បន្ទប់ពិសោធន៍បំពង់ទុយោទឹក និង Fitting, បន្ទប់ពិសោធន៍កៅស៊ូ អាស្វាល់, បន្ទប់ពិសោធន៍ គីមី និងចំណីអាហារ, បន្ទប់ពិសោធន៍បរិក្ខា ភ្លើង និងអេឡិចត្រូនិច និងឃ្លាំង ព្រមទាំងបន្ទប់សុវត្ថិភាពផលិតផលជាដើម, ជាមួយគ្នានេះ ក្រសួងនឹងត្រូវការសាងសង់អគារមន្ទីរពិសោធន៍ និងឧបករណ៍ពិសោធន៍ក្នុងមុខងារផ្សេងៗទៀត ដូចជាមន្ទីរពិសោធន៍ លើវិស័យកាត់ដេរ និងមេកានិចជាដើម។
អាគារមន្ទីរពិសោធន៍នេះ មានទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ កំពស់៧ជាន់ ដោយបំពាក់នូវប្រព័ន្ធទឹក-ភ្លើងជណ្តើរយន្ត គ្រឿងសង្ហារឹម ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសម្លេង និងរូបភាព សម្រាប់សាលប្រជុំ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់សម្រាប់សំណល់ ចេញពីមន្ទីរពិសោធន៍ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខាងក្រៅអគារជដើម៕