ភាគហ៊ុន​ក្រុមហ៊ុន​អគ្គិសនី​ម៉ាឡេស៊ី​បានចាប់ផ្តើម​ជួញដូរ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​ផេស​ថិ​ក (ខេ​ម​បូ​ឌា) ឬ Pestech ដែលមាន​និមិត្តសញ្ញា​ភាគហ៊ុន PEPC នឹងធ្វើ​ការចុះបញ្ជី និង​ចាប់ផ្តើម​ជួញដូរ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ.ម.ក.) ចាប់ពី​ថ្ងៃទី១២ សីហា ឆ្នាំ២០២០ នេះ​តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Pestech Cambodia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ១០០ភាគរយ​របស់​ក្រុមហ៊ុន Pestech International Bhd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី សង្ឃឹមថានឹង​អាច​ប្រមូលប្រាក់ បាន​ប្រមាណ៣លាន​ដុល្លារ​ពី​ការចុះបញ្ជី​នេះ។

ប្រធាន​ក្រុមហ៊ុន លោក Lim Paul បាន​មានប្រសាសន៍ថា ការចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នឹង​ផ្តល់ឱកាស​ដល់​សាធារណជន​កម្ពុជា ក្នុងការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ថាមពល ស្របពេល​មាន​កំណើន​តម្រូវការ​អគ្គិសនី​នៅក្នុង​តំបន់​មេគង្គ។

លោក​បន្តថា “វា​ជា​វេទិកា​មួយ​ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ដៃគូ​រយៈពេល​វែង​ជា​យុទ្ធសាស្ត្រ ដើម្បី​បង្កើន​ផលប័ត្រ​ផលិតផល​របស់​ក្រុមហ៊ុន” ។

IPO របស់​ក្រុមហ៊ុន Pestech ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០ភាគរយ​របស់​ក្រុមហ៊ុន Pestech International Bhd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី នឹងមាន​ចំនួន ៣,៩លាន​ហ៊ុន នឹង​តម្លៃ​រំពឹងទុក ០.៧៦ដុល្លារ​ក្នុង​មួយ​ហ៊ុន។ ចំនួន​សរុប​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រមូលបាន​មាន​ទឹកប្រាក់ ៣លាន​ដុល្លារ។

ការប្រើប្រាស់​ថាមពល​របស់​ប្រទេស​កម្ពុជា បាន​កើនឡើង​ពី ៤.០៥១ ជី​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ២០១៣ ដល់ ១២.០១៥ ជី​ហ្គា​វ៉ា​ត់ កាលពី​ឆ្នាំមុន​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ១៩,៩ ភាគរយ ហើយ​តម្រូវការ​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើនឡើង១៦ភាគរយ ស្មើនឹង១៣.៩៨១ ជី​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំនេះ។

លោក​បន្តថា “ផែនការអភិវឌ្ឍន៍​ថាមពល​របស់​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ក្នុងស្រុក​ពី១,៦៥៧ មេ​ហ្កា​វ៉ា​ត់​ក្នុង​ឆ្នាំ២០១៥ ដល់៤៤៩៨មេ​ហ្កា​វ៉ា​ត់​នៅ​ឆ្នាំ ២០២៥ ហើយ​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត បណ្តាញ​បញ្ជូន​អគ្គិសនី១.៧៥០គីឡូម៉ែត្រ​បន្ថែមទៀត​នៅ​ឆ្នាំ២០២៥ ដែល​នឹង​បង្កើន​បណ្តាញ​អគ្គិសនី ទូទាំងប្រទេស៧៧,២ភាគរយ ថ្មើ​នឹង៤.០១៧ គីឡូម៉ែត្រ” ។

លោក Lim បាន​និយាយថា “ក្រុមហ៊ុន Pestech កម្ពុ​ជាមាន​ទីតាំង​ល្អ និង​ទទួលបាន​អត្ថប្រយោជន៍ ពី​កំណើន​ការប្រើប្រាស់​អគ្គិសនី និង​ពី​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ” ។

ក្រុមហ៊ុន​ផេស​ថិ​ក (ខេ​ម​បូ​ឌា) ដែល​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១០ ជា​ក្រុមហ៊ុន​បច្ចេកទេស​ថាមពលអគ្គីសនី ដែល​ផ្តល់​សេវា​សំខាន់​លើ​ការ ផ្តល់ជូន​វិស្វកម្ម​ប្រព័ន្ធ​ថាមពល និង​ដំណោះស្រាយ​បច្ចេកទេស​ដូចជា ការ​គូស​ប្លង់ លទ្ធកម្ម ការសាងសង់ ការដំឡើង និង​ការដាក់​ប្រើប្រាស់​នូវ​អនុ​ស្ថានីយ៍​មាន​តង់ស្យុង​ខ្ពស់ និង​តង់ស្យុង​ខ្ពស់​ខ្លាំង និង​បណ្តាញ​បញ្ជូន​អគ្គីសនី​ដែលមាន តង់ស្យុង​ខ្ពស់ និង​តង់ស្យុង​ខ្ពស់​ខ្លាំង ក៏ដូចជា​ប្រព័ន្ធ​ថាមពល​ខ្សែកាប​ក្រោម​ដី​សម្រាប់​ការបញ្ជូន និង​ការ​ចែកចាយ​ថាមពលអគ្គីសនី និង​ការជួញដូរ​បង្គុំ និង​បរិក្ខារ​ប្រព័ន្ធ​ថាមពល​ដែលជា​កម្មសិទ្ធិ និង​មិនមែន​កម្មសិទ្ធិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here