ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជាកំពុងធ្វើការរូមគ្នា ដើម្បីប្រមូលធាតុចូល ដើម្បីបំពេញលក្ខខ័ណ្ឌ ដែលអាចនាំចេញទំនិញទៅកាន់ទីផ្សារអង់គ្លេសបានកាន់តែច្រើន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៦ សីហានេះថា ចក្រភពអង់គ្លេសបាននិងកំពុងឲ្យកម្ពុជា និងប្រទេសមួយចំនួនទៀតរៀបចំប្រមូលធាតុចូល ដើម្បីរៀបចំកែសម្រួលលក្ខិកៈងាយៗ ដែលអាចនាំចេញទំនិញបានកាន់តែច្រើនទៅកាន់ប្រទេសរបស់ខ្លួន ដោយរួចពន្ឋនៅឆ្នាំ២០២២ខាងមុខនេះ។
លោកបន្តថា “ការប្រមូលធាតុចូលនិងរៀបចំឯកសារទាំងនេះ នឹងបញ្ចប់នៅថ្ងៃទី១២ កញ្ញាខាងមុខនេះ”។
លោកបន្តថា “ចក្រភពអង់គ្លេស បានបន្តផ្តល់ប្រព័ន្ឋអនុគ្រោះពន្ឋដល់កម្ពុជា បើទោះសហគមន៍អឺរ៉ុប បានដកប្រព័ន្ឋអនុគ្រោះពន្ឋ លើមុខទំនិញ២០ភាគរយពីកម្ពុជាក្តី”។លោកបន្តថា “យើងរំពឹងថាកម្ពុជានឹងអាចទទួលបាន ការនាំចេញទៅអង់គ្លេសបានកាន់តែច្រើនថែមទៀតនាឆ្នាំ២០២២ខាងមុខ ខណៈទីផ្សារនាំចេញរបស់កម្ពុជាបានកើនឡើងខ្ពស់នៅឆ្នាំនេះ ទោះបីកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី”។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ១៨៨៥ ព ណចុះថ្ងៃទី១៦ សីហានេះបានឲ្យដឹងថា ចក្រភពអង់គ្លេស បានប្រកាសជូនដំណឹងដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងបណ្តាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទាំងវិស័យឯកជនសាធារណៈ ជាពិសេសក្រុមហ៊ុននាំចូលទំនិញចូល ទីផ្សារចក្រភពអង់គ្លេស អំពីសេចក្តីព្រាងយន្តការអនុគ្រោះពន្ឋទូទៅថ្មី។
សេចក្តីជូនដំណឹងដដែលបានបន្តថា ក្នុងដំណើរការនៃការរៀបចំ សេចក្តីព្រាងយន្តការអនុគ្រោះពន្ឋទូទៅថ្មីនេះ ចក្រភពអង់គ្លេសផ្តល់់ឱកាសឲ្យភាគីពាក់ព័ន្ឋ ចូលរួមប្រឹក្សាយោបល់សាធារណៈ ប្រមូលធាតុចូលនិងសំណូមពរ តាមរយៈការបំពេញនូវកំរ៉ងសំណួរ ដើម្បីចូលរួមកែសម្រួលលក្ខខ័ណ្ឌតម្រូវ និងនិតិវិធីឲ្យមានលក្ខណៈងាយស្រួល និងសាមញ្ញប្រកបដោយតម្លាភាព និងបរិយាប័ណ្ណ។ បន្ទាប់ពីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ឋ ចក្រភពអង់គ្លេសនឹងពិនិត្យសម្រេច ដាក់ចេញនូវប្រព័ន្ឋអនុគ្រោះពន្ឋទូទៅថ្មីមួយ សម្រាប់អនុវត្តន៍នៅឆ្នាំ២០២២ខាងមុខ៕