តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាចុះយឺតៗ ប៉ុន្តែឡើងថ្លៃលឿន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានា នៅក្នុប្រទេ​សកម្ពុជា ត្រូវបានមើលឃើញថាឡើងលឿនៗ តែពេលចុះវិញយឺតៗ ជាក់ស្ដែងក្នុងរយៈពេល១ខែមួយនេះ តម្លៃប្រេងឥន្ធនៈបានចុះថ្លៃមែន តែចុះម្ដងតែ៥០រៀលប៉ុណ្ណោះក្នុងមួយលីត្រ និងមើលឃើញថាតម្លៃលក់រាយនៅតែខ្ពស់ បើធៀបនឹងជីវភាពពលរដ្ឋក្នុងបរិបទកូវីដ១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញដែល​បានចេញផ្សាយនៅថ្ងៃទី១៦ សីហាកន្លងមកនេះបានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ខែសីហា ២០២១នេះ ធ្លាក់ចុះ៥០រៀលធៀបនឹងដើមខែសីហា ២០២១ ពោលគឺបានធ្លាក់ចុះពី៤០៥០រៀលក្នុងមួយលីត្រ ចំពោះសាំងធម្មតា មកនៅត្រឹម៤០០០រៀលក្នុងមួយលីត្រ និងប្រងម៉ាស៊ូតពី៣៦០០រៀលក្នុងមួយលីត្រមកនៅត្រឹម៣៥៥០រៀលក្នុងមួយលីត្រ ដែលបានធ្លាក់ចុះត្រឹម៥០រៀលដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ឥន្ធនៈប្រចាំថ្ងៃ បានមើលឃើញថា តម្លៃលក់ទីផ្សារនេះនៅតែខ្ពស់ បើទោះបីជាបានធ្លាក់ចុះ៥០រៀលក្ដី ខណៈកាលពីឆ្នាំមុនដែលមានកូវីដ១៩ដូចគ្នា តម្លៃប្រេងឥន្ធនៈហាក់មានតម្លៃទាប ត្រឹមជាង២០០០រៀលទៅ៣០០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ។ តែយ៉ាងក្រសួងបានបកស្រាយម្ដងហើយម្ដងទៀតថា ការកំណត់តម្លៃទីផ្សារលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជា ក៏ផ្អែកលើទីផ្សារប្រេងអន្តរជាតិនិងអត្រាប្តូរប្រាក់ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ការកំណត់តម្លៃប្រេងឥន្ធនៈ ត្រូវបានធ្វើឡើងដោយមានការសម្រេចពីក្រសួងចំនួន៣ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជាក់ស្ដែងតម្លៃត្រូវលក់គឺប្រេងធម្មតាតម្លៃ៤១៦០រៀលក្នុងមួយលីត្រ ប្រេងម៉ាស៊ូតតម្លៃ៣៧១០រៀលក្នុងមួយលីត្រ តែដើម្បីសម្រួលជីវភាពអ្នកប្រើប្រាស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ចុះតម្លៃ៤សេនក្នុងមួយលីត្រ។ ដូច្នេះតម្លៃលក់ប្រេងសាំងធម្មតា៤០០០រៀលក្នុងមួយលីត្រ ប្រេងម៉ាស៊ូត៣៥៥០រៀលក្នុងមួយលីត្រ ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ពេលឡើងថ្លៃគឺឡើងលឿនណាស់ ម្ដង១០០រៀលម្ដង១៥០រៀលជាដើម តែពេលចុះវិញត្រឹមតែ៥០រៀលប៉ុណ្ណោះ តែយ៉ាងណាកម្ពុជាជាប្រទេសនាំចូលប្រេង និងមិនមែនជាប្រទេសផលិតប្រេង ដូច្នេះតម្លៃត្រូវពឹងលើទីផ្សារអន្តរជាតិនិងអត្រាប្តូរប្រាក់ដុល្លារធៀបនឹងប្រាក់រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here