ដោយៈលក្ខិណា
ភ្នំពេញៈ វិស័យបដិសណ្ឋារកិច្ច(សណ្ឋាគារ) កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអាជីវកម្មនេះជាច្រើន ត្រូវផ្អាកដំណើរការនិងបិទទ្វារ តែសម្រាប់អាជីវកម្ម ដែលនៅដំណើរការវិញ ក៏ពឹងផ្អែកតែលើភ្ញៀវក្នុងស្រុកសុទ្ធសាធ ខណៈភ្ញៀវបរទេសត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។
បុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារផ្កាយ៥មួយ ក្នុងរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៦ សីហា២០២១នេះថា សណ្ឋាគារដែលលោកបម្រើការនាពេលបច្ចុប្បន្ននេះ ភ្ញៀវចូលស្នាក់គឺជាភ្ញៀវខ្មែរសុទ្ធសាធ អត់មានភ្ញៀវបរទេសមកស្នាក់នៅឡើយ ខណៈពីមុនមានវិបត្តិកូវីដ១៩ភាគច្រើនគឺជាភ្ញៀវបរទេស ។
លោកនិយាយថា “ភ្ញៀវបរទេសដែលចូលមកសណ្ឋាគារ គឺគ្រាន់តែមកទទួលទានអាហារឬភេសជ្ជៈប៉ុណ្ណោះ ក្រោយពេលស្រស់ស្រូបរួចពួកគេក៏ត្រលប់ទៅវិញ ព្រោះភ្ញៀវបរទេសទាំងនេះ ជាភ្ញៀវស្នាក់អចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា ដូចជា នៅខុនដូ ឬជួលផ្ទះស្នាក់និងធ្វើការក្នុងប្រទេសកម្ពុជា”។
បុគ្គលិករូបនេះនិយាយថា ចាប់តាំងពីមានបញ្ហាកូវីដ១៩ ភ្ញៀវចូលស្នាក់នៅក៏ធ្លាក់ចុះ ហើយក្រុមហ៊ុនក៏បានកាត់បន្ថយបុគ្គលិកអស់ជាច្រើនដែរ ដោយសារតែអត់មានអ្វីត្រូវធ្វើ ដូច្នេះហើយក៏ស្នើសុំសម្រាកមួយរយៈ និងរង់ចាំស្ថានភាពល្អប្រសើរឡើងវិញ អ្នកគ្រប់គ្រងថានឹងយកបុគ្គលិកនោះមកបម្រើការឡើងវិញ ។
ដោយឡែក អ្នកគ្រប់គ្រងក្នុងផ្ទះសំណាក់ “ខ្មែរ” ក្នុងខេត្តព្រះសីហនុ ក៏បានឱ្យដឹងថា ផ្ទះសំណាក់នេះត្រូវបានផ្អាកដំណើរយូរមកហើយ និងទើបតែបើកវិញបានប៉ុន្មានខែមកនេះប៉ុណ្ណោះ ហើយភាគច្រើនគឺជាភ្ញៀវក្នុងស្រុក ខណៈពីមុនមានភ្ញៀវបរទេសចូលស្នាក់នៅច្រើនដែរ ។
អ្នកគ្រប់គ្រងផ្ទះសំណាក់រូបនេះនិយាយបន្តថា ទោះបីជាស្ថានភាពកូវីដ១៩នៅតែបន្តអូសបន្លាយបែបនេះតែរំពឹងថា នៅចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២ខាងមុខ នឹងមានភ្ញៀវបរទេសចូលមកក្នុងប្រទេសកម្ពុជាឡើងវិញ និងធ្វើឱ្យដំណើរការវិស័យសណ្ឋាគារ និងផ្ទះសំណាក់ក្នុងប្រទេសកម្ពុជា មានដំណើរការរស់រវើកឡើងវិញ ជាពិសេសក្នុងពេលកម្ពុជា រៀបចំវេទិកាទេសចរណ៍អាស៊ាន នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២២ខាងមុខនេះ ។
លោកឌិន សុមេធារឹទ្ធប្រធានសមាគមសណ្ឋាគារកម្ពុជា បានលើកឡើងថា សណ្ឋាគារមួយចំនួន អាចរកចំណូលបានពីការធ្វើចត្តាឡីស័ក របស់ភ្ញៀវមកពីបរទេស ហើយសណ្ឋាគារជាច្រើនទៀត រកចំណូលបានភ្ញៀវក្នុងស្រុក ខណៈភ្ញៀវទេសចរបន្តធ្លាក់ចុះដដែលក្នុងឆ្នាំ២០២១ តែយ៉ាងណាលោករំពឹងថាវិស័យនេះ អាចនឹងងើបឡើងវិញនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២៕