អ្នកឧកញ៉ាពុង ឃាវសែៈយុវជនកម្ពុជាគួរងាកទៅរកការសិក្សាជំនាញបច្ចេកទេសដើម្បីសម្រេចគោលដៅ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវការធនធានជំនាញបច្ចេកទេស ហើយតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ននេះដែរ ក៏ជាជំនាញបច្ចេកទេសដែរ ដូច្នេះយុវជនកម្ពុជាគួរងាកទៅរកការសិក្សាជំនាញបច្ចេកទេស ជាជាងជំនាញក្នុងការិយាល័យ ដើម្បីសម្រេចទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្គនាយកធនាគារកាណាឌីយ៉ាមានប្រសាសន៍ក្នុង​កម្មវិធីមួយកាលពីចុងសប្តាហ៍មុនថា ប្រទេសកំពុងអភិវឌ្ឍន៍ គេត្រូវជំនាញបច្ចេកទេសច្រើន ជាក់ស្ដែងក្រុមហ៊ុនជាច្រើននៅកម្ពុជា បានមកវិនិយោគនៅកម្ពុជា ហើយពួកគេត្រូវការជំនាញបច្ចេកទេស គឺអត់មានផ្ដល់ជូនគេ ពីព្រោះយុវជនកម្ពុជាជាច្រើន ចូលចិត្តរៀនតែជំនាញធ្វើការក្នុងការិយាល័យដូចជា ជំនាញគណនេយ្យ អ្នកគ្រប់គ្រង ធនាគារ និងហិរញ្ញវត្ថុ និងភាសាបរទេសទៅវិញ ហើយមិនសូវមានអ្នករៀនបច្ចេកទេសទេ។

អ្នកឧកញ៉ាបន្តថា ជំនាញបច្ចេកទេសនេះនារីៗ ក៏អាចសិក្សារៀនសូត្របានដែរហើយសាលាបច្ចេកទេសមួយចំនួន ក៏បានលើកទឹកចិត្តដល់នារី ដោយបញ្ចុះតម្លៃសិក្សាជូននារីច្រើនផងដែរ ហើយក៏ជាការជួយបំពេញបន្ថែម សម្រាប់ជំនាញបច្ចេកទេសនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាពុង ឃាវសែបានបន្តថា “ក្រុមហ៊ុនជាច្រើនបានប្រាប់ខ្ញុំថាគេពិបាករកជំនាញបច្ចេកទេសដើម្បីធ្វើការណាស់ ដូច្នេះគេត្រូវជួលធនធានមនុស្សពីខាងក្រៅប្រទេ​សមកធ្វើការ ហើយជនបរទេសធ្វើការក្នុងប្រទេសយើង ក៏មិនបានជាប់លាប់ដែរ”។អ្នកឧកញ៉ាបានបន្តថា “អ្នកខ្លះនឹកស្រុកសុំតែទៅស្រុកវិញ ក្នុងមួយឆ្នាំពីរបីដង តែបើសិនយើងមានអ្នកចេះបច្ចេកទេសច្រើន គេអាចជួលយើងធ្វើការបានពេញដៃពេញជើង ហើយប្រាក់ចំណូលក៏បានយើងទាំងអស់ដែរ”។

ជាមួយគ្នានេះ លោកប៊ុន ភារិន នាយកសាលាវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា ក៏បានឱ្យដឹងមកថា ក្នុងមួយឆ្នាំៗ សាលាមិនអាចផ្គត់ផ្គង់បុគ្គលិក តាមតម្រូវការស្នើសុំរបស់ក្រុមហ៊ុន ដែលចង់បានសិស្សពីសាលាទៅធ្វើការនោះទេ ហើយសិស្សខ្លះទៀតរៀនមិនទាន់ចប់ផង ក៏មានការងាររួចបាត់ទៅហើយ។ ទាំងនេះ គឺឆ្លុះបញ្ចាំងពីតម្រូវការជំនាញបច្ចេកទេស នៅទីផ្សារការងារខាងក្រៅពិតជាច្រើនណាស់ ។

បើតាមគណៈគ្រប់គ្រងសាលាបច្ចេកទេសដុនបូស្កូ ក៏បានឱ្យដឹងផងដែរថា រៀងរាល់ឆ្នាំ មុនពេលមានវិបត្តិកូវីដ១៩ នៅពេលសិស្សជិតបញ្ចប់ការងារ តែងមានក្រុមហ៊ុនមកសម្ភាសន៍រើសបុគ្គលិកនៅសាលាផ្ទាល់ ហើយហើយក្នុងមួយឆ្នាំៗសាលាក៏អត់មានលទ្ធភាពបណ្ដុះបណ្ដាលសិស្សច្រើនដែរ ព្រោះចំនួនមានកណត់។ ម្យ៉ាងវិញទៀតការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ត្រូវការអភិវឌ្ឍផ្ទាល់ៗ មិនមែនរៀនតែទ្រឹស្ដីមួយដូចជំនាញ ដែលធ្វើការក្នុងការិយាល័យនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here