រដ្ឋបាលខេត្តកំពតប្រកាសបង្កើតនិងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការនៅថ្ងៃនេះ

ដោយៈ ម៉ាណេត

កំពតៈ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១  ប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការហើយ។

ពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពតបានថ្លែងថា ចំពោះលោក-លោកស្រីសមាជិក ក្រុមប្រឹក្សាក្រុងបូកគោ ដែលត្រូវបានសមាជិកក្រុមប្រឹក្សាសង្កាត់ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ដើម្បីដឹកនាំ និងគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងបូកគោ នឹងរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ក្រុងបូកគោ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកជាវ តាយបានថ្លែងឱ្យដឹងទៀតថា កិច្ចការទាំងនេះ ជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលនេះជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងបូកគោ ដែលទើបបង្កើតថ្មី ជាពិសេសការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងបូកគោ នៃខេត្តកំពតរបស់យើង។

រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុងបូកគោនៃខេត្តកំពត តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដោយសារស្ថានភាពស្រុកទឹកឈូ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យអាជ្ញាធរស្រុកជួបការលំបាកក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here