ដោយៈ ប៊ី
ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៥,៣លានដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង៨ភាគរយ ខណៈខ្លួនគ្រោងចំណាយទុនវិនិយោគប្រមាណ១០លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែនេះ។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖ ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១,៩១៦,៣៩៩ដុល្លារ។ * ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៦៦៤,៧៦៦ដុល្លារ។ * ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១៤,០០៨ដុល្លារ។ * ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៥១២,៥៤៨ដុល្លារ។
ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២១ រួមមាន ទី១ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២,២៥៧,២៦៣តោន កើនឡើង៦.៦៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,១១៦,០៦៩តោន។ ទី២ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១,៣៤០ជើងថយចុះ០.២២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១,៣៣៧ជើង។ ទី៣ បរិមាណកុងតឺន័រ មានចំនួន១៨២,២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១៦៣,០២៩ធីអ៊ីយូ។
លោកហ៊ឺ បាវីអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ប្រាប់ Property Area Asia ក្នុងសប្តាហ៍នេះថា កំពង់ផែស្វយ័តភ្នំពេញ គ្រោងចំណាយទុនវិនិយោគប្រមាណ១០លានដុល្លារ ក្នុងការការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់។
លោកបានថ្លែងបន្តថា ការអភិវឌ្ឍចំណតកុងតឺន័រនេះ គឺធ្វើឡើងតាមដំណាក់កាលរយៈពេលខ្លី និងដំណាក់កាលរយៈវែង ដើម្បីងាយស្រួលដល់ការធ្វើចរាចរ ជាពិសេសរថយន្តកុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។
លោកបានថ្លែងបន្តថា ចំពោះដំណាក់កាលទីបី ខ ឆ្នាំ២០២១នេះ កំពង់ផែភ្នំពេញ បានពង្រីកនៅផ្ទៃដី៥.៥ហិកតា ដើម្បីឈានទៅការពង្រីកចំណតដំណាក់កាលទីបីនេះ ដែលរយៈពេលរហូតដល់ឆ្នាំ២០២៣ខាងមុខ។
លោកបញ្ជាក់បន្ថែមទៀតថា កំណើននៃចរាចរតាមកំពង់ផែភ្នំពេញ គឺត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងរង្វង់១០ភាគរយ នៅឆមាសទី១ ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំពោះទំនិញ ដែលបានឆ្លងកាត់កំពង់ផែភ្នំពេញ គឺភាគច្រើនការនាំចូលទំនិញ ដូចជាវត្ថុធាតុដើមនៃវិស័យកាត់ដេរ និងនាំចេញទំនិញ និងផលិតផលសម្រេចដូចជា ខោអាវ កសិផល និងអង្ករជាដើម។
កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្តើមសាងសង់ចំណតផែកុងតឺន័រជំហាទី១ ចាប់តាំងពីឆ្នាំ២០១១មក ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ ម៉ឺនTeus ក្នុងមួយឆ្នាំ ហើយគម្រោងជំហានទីពីរ ចំណាយថវិការប្រមាណ៩លានដុល្លារ មានសមត្ថភាពផ្ទុកកុងតឺន័រ បានចំនួន៣០ម៉ឺន Teus។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ គ្រោងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូត ៥០ ម៉ឺន Teus ក្នុងមួយឆ្នាំ។
នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ៕