ឆមាសទី១កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសតែ១០ម៉ឺននាក់ប៉ុណ្ណោះ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីមានវិបត្តិកូវីដ១៩ កម្ពុជាបានបាត់បង់ភ្ញៀវទេសចរដ៏ច្រើនសន្ធឹក ជាក់ស្ដែងក្នុងឆមាសទី១ ឆ្នាំ ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនធ្លាក់ចុះរហូតដល់៩១,៣ផាគរយ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១១ សីហា ២០២១នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវបរទេសដែលចូលមកកម្ពុជាទាំងជាង១០ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស៤៦.២៤៩ នាក់ ថយចុះ ៩៣,២ភាគរយ មកតាមផ្លូវគោក៥៦.៣០៩ នាក់ ថយចុះ៨៧,៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ក៏បានបង្ហាញប្រទេសទាំង១០ដែលមានភ្ញៀវទេសចរ ចូលមកកម្ពុជាច្រើនជាងក្នុងនោះរួមមាន
១. ទេសចរថៃមានភ្ញៀវទេសចរ ៥២.២៩០ នាក់ ថយចុះ ៦៧,៥ភាគរយ ២. ទេសចរចិន ២៩.៧៥១ នាក់ ថយចុះ ៨៩,២ភាគរយ ៣. ទេសចរវៀតណាម មានចំនួន ៦.៩៥៦ នាក់ ថយចុះ ៩៦,១ភាគរយ ៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣.៤១៥ នាក់ ថយចុះ ៧៤,៣ភាគរយ ៥. ទេសចរកូរ៉េខាងត្បូងមានចំនួន ១.៨៣៣ នាក់ ថយចុះ ៩៦,៥ភាគរយ ៦. ទេសចរសហរដ្ឋអាមេរិក មានចំនួន ១.៥៩០ នាក់ ថយចុះ ៩៧ភាគរយ ៧. ទេសចរមកពីកោះតៃវ៉ាន់មានចំនួន ១.៥០៤ នាក់ ថយចុះ ៩២,៨ភាគរយ ៨. ទេសចរម៉ាឡេស៊ី មានចំនួន ៨៨៣ នាក់ ថយចុះ ៩៦,៥ភាគរយ ៩. ទេសចរជប៉ុនមានចំនួន ៧៩០ នាក់ ថយចុះ ៩៨ភាគរយ និង១០. ទេសចរបារាំងមាន ៦៤៨ នាក់ ថយចុះ ៩៨,៥ភាគរយ។

ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ជិត២លាននាក់ ថយចុះ ៣៧,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១.៩៨៨ នាក់ផងដែរ ។

លោកជំទាវឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២១នេះ ស្ថានភាពវិស័យទេសចរណ៍កាន់តែមានភាពអាក្រក់ជាងឆ្នាំ២០២១ទៅទៀត ។ ការរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីៗបានធ្វើឱ្យទេសចរបរទេសមិនអាចចូលមកកម្ពុជាហើយតំបន់រមណីយដ្ឋានមួយចំនួនក៏ត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here