សហគ្រិនស្រ្តីកម្ពុជានៅតែបារម្ភពីការប្រើប្រាស់ប្រព័ន្ឋហិរញ្ញវត្ថុ

ដោយៈគង់ សិរី

ភ្នំពេញៈ ខណៈការធ្វើអាជីវកម្មបែបលក្ខណៈក្រុមហ៊ុន នៅបង្ករភាពស្មុគស្មាញនៅឡើយខាងផ្នែកហិរញ្ញវត្ថុ ក៏ដូចជា ធនធានមនុស្ស ដោយសារតែការយល់ដឹងនៅមានកម្រិត ក្រុមសហគ្រិននៅកម្ពុជាបានរំពឹងទុកថា នាពេលខាងមុខការប្រកបអាជីវកម្មនានានឹងលែងជាបញ្ហា ប្រសិនជាមានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីអ្នកជំនាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាជិកទទួលបន្ទុកគណៈកម្មការសហគ្រិនស្ត្រីវ័យក្មេង នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន TEDPអ្នកស្រីយូ បុរីបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ សីហាកន្លងមកថា ការបើកដំណើរក្រុមហ៊ុនមួយដ៏ល្អ ត្រូវផ្អែកលើសសរស្តម្ភចំនួន៤ រួមមានផ្នែកទីផ្សារ ផ្នែកប្រតិបត្តិការ ផ្នែកធនធានមនុស្ស និងផ្នែកបញ្ជីគណ​នេយ្យហិរញ្ញវត្ថុ។

អ្នកស្រីបន្តថា “សមត្ថភាពការយល់ដឹងរបស់សហគ្រិនស្រ្តី មិនមានច្រើនទេទៅលើក្រុមហ៊ុនស្តង់ដារ ក្នុងចំណោមអ្នករកស៊ី មូលហេតុគឺខ្វះខាតចំណេះដឹង ក្នុងការគ្រប់គ្រងធនធានមនុស្ស និងចំណេះដឹងទាក់ទងគណនេយ្យហិរញ្ញវត្ថុ”។ អ្នកស្រីបន្តថា “ សព្វថ្ងៃបញ្ហាប្រឈមរបស់សហគ្រិន គឺការប្រាក់នៃកម្ចីពីស្ថាបនហិរញ្ញវត្ថុ នៅតែខ្ពស់ ហើយលក្ខខណ្ឌនៅតែតឹង បានន័យថាទាល់តែមានទ្រព្យធានា១០០ភាគរយ ទើបអាចកម្ចីបាន”។

ចំណែកអត្រាការប្រាក់វិញ បើខ្ចីក្រោម១០ម៉ឺនដុល្លារ ឧបមាថា វិស័យសហគ្រាសធុនតូចនិងមធ្យម (SME) មីក្រូហិរញ្ញវត្ថុមានតិចតួច ក៏មួយឆ្នាំ១២ភាគរយដែរ (ការប្រាក់) ដូច្នេះក្រុមហ៊ុនខ្នាតតូចពិបាក ក្នុងការប្រកួតប្រជែងណាស់ ជាមួយនឹងក្រុមហ៊ុនខ្នាតយក្ស។

កាលពីសប្តាហ៍កន្លងទៅ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពី ការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ(Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្រ្តី ដើម្បីរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍។

ចំពោះបញ្ហានេះ លោក ចាន់ សុផាន់ណា ប្រធានការិយាល័យនៃសមាគមសហគ្រិនស្រ្តីកម្ពុជាបានទទួលស្គាល់ថា ជាការពិតចំណេះដឹងសហគ្រិនស្រ្តីមួយចំនួន នៅមានកម្រិត ជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយ ដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត។ លោកបានបន្តថា សម្រាប់ខាងសមាគមលោកបច្ចុប្បន្នមានសមាជិកសរុបប្រមាណ១ពាន់នាក់ ហើយកម្រិតការយល់ដឹងរបស់គាត់បានទូលំទូលាយ ទោះបីជាមានកម្រិតក៏ដោយ តែគាត់យល់ដឹងច្រើនជាងមុន។

លោកឲ្យដឹងទៀតថា ការងារបន្ទាប់ក្រោយចប់ពិធីចុះហត្ថលេខា យើងនឹងបើកវគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីជួយដល់សហគ្រិនថែមទៀត ទៅលើការងារក្នុងក្រុមហ៊ុនរបស់ពួកគាត់។

អនុស្សរណៈស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ របស់រសមាគមទាំងបីខាងលើ នឹងមានសុពលភាពរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៣។

សមាគមទាំងបី បានប្តេជ្ញាអនុវត្តន៍ និងចែករំលែករួមគ្នា ក្នុងលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យអនុស្សារណៈនេះទទួលបានលទ្ធផល ដែលឆ្លុះបញ្ចាំងឱ្យបានល្អបំផុតពីបំណងពិត និងគោលការណ៍ដើមរវាងសមាគមទាំងបីនេ។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់អតិថិជនជិត២លាននាក់ ក្នុងទំហំឥណទានសរុបជាង៧៧៣០លានដុល្លារ ក្នុងនោះភាគច្រើនលើសលុប នៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here