កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរពីបរទេសមានតម្លៃជិត ៦៣៥លានដុល្លារក្នុងឆមាសទី១នេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរ ពីបរទេសមានតម្លៃចំនួន ៤១៤ ៧២៥ គ្រឿង ដែលមានតម្លៃសរុបជិត ៦៣៥ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមការមធ្យោបាយធ្វើដំណើរ ការនាំចូលរថយន្តមានតម្លៃរហូតដល់ទៅ ៥៣១,៦៤ លានដុល្លារ ចាប់ពីខែមករា ទៅដល់ខែមិថុនា ឆ្នាំ ២០២០។
ក្នុងឆមាសទី១ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរមាន រថយន្ត ម៉ូតូ និងកង់ ក្នុងតម្លៃសរុប ៦៣៤,៩៨ លានដុល្លារដែលក្នុងនោះការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០,៦៥ លានដុល្លារ ស្មើនឹងចំនួន ២៥ ៤៨៣ គ្រឿង រថយន្តដឹកទំនិញ មានតម្លៃ ១៩៤,៤៧ លានដុល្លារ ស្មើនឹង ១៣ ៨១២ គ្រឿង រថយន្តដឹកអ្នកដំណើរ មានតម្លៃ ២០,៦៨ លានដុល្លារ ក្នុងបរិមាណ ១ ២១២ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥,៨៤ លានដុល្លារ ស្មើនឹង ១ ២៣១ គ្រឿង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ការនាំចូលម៉ូតូមានតម្លៃ ៩៩ លានដុល្លារ ស្មើនឹង ១៨០ ៥៩០ គ្រឿង និងកង់ក្នុងតម្លៃ ៤,៣៥ លានដុល្លារស្មើនឹង ១៩២ ៣៩៧ គ្រឿង។

ប៉ុន្តែសម្រាប់រយៈពេលពេញ ១ ឆ្នាំ ២០១៩ ការនាំចូលមធ្យោបាយធ្វើដំណើរមានតម្លៃ ១ ៨៨១,៨៥ លានដុល្លារ ស្មើ ១ ១២៤ ២១០ គ្រឿងក្នុងនោះរថយន្តទេសចរណ៍មានតម្លៃ ៨២៧,៤៤ លានដុល្លារ ស្មើនឹង ៩៥ ០៦៧ គ្រឿង រថយន្តដឹកទំនិញតម្លៃ ៥៤២,២ លានដុល្លារ ស្មើ ៣៩ ០០៨ គ្រឿង រថយន្តដឹកអ្នកដំណើរតម្លៃ ១១២,៧៥ លានដុល្លារ ចំនួន ៧ ៩៩៨ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ១១០,៧៨ លានដុល្លារ ចំនួន ៤ ៥៩១ គ្រឿង។
ចំណែកក្នុង២០១៩នេះដែរ ការនាំចូលម៉ូតូមានតម្លៃ ២៧៨,២៨ លានដុល្លារ ស្មើនឹង ៥១១ ៤៣៤ គ្រឿង និងនាំចូលកង់ក្នុងតម្លៃ ១០,៤ លានដុល្លារ ស្មើនឹង ៤៦៦ ១១២ គ្រឿង។

ក្នុងឆមាសទី ១ ឆ្នាំ ២០២០ ការនាំចូលទំនិញពីក្រៅប្រទេស មានតម្លៃ ១០,១៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៥,២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងនោះការនាំចូលយានយន្តធ្លាក់ចុះ ២ ភាគរយ។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here