ក្រុងបូកគោគ្រោងនឹងដាក់ដំណើរការរដ្ឋបាលជាផ្លូវការនៅថ្ងៃទី១២សប្ដាហ៍ក្រោយ

ដោយៈលក្ខិណា

កំពតៈបន្ទាប់ទន្ទឹងរង់ចាំមួយរយៈមក ក្រុងបូកគោគ្រោងនឹងដាក់ដំណើរការរដ្ឋបាលជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ២០២១នេះ ដើម្បីផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពតក្រោយកិច្ចប្រជុំកាលពីថ្ងៃទី៦សីហា ២០២១នេះ។

លោកជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោ ដែលជាក្រុងមួយទើបបានបង្កើតថ្មី នៅមិនទាន់មានអគាររដ្ឋបាលនៅឡើយទេ តែអាជ្ញាធរខេត្តធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុងបូកគោថ្មី បានដំណើរការនៅក្នុងជំហានដំបូង ដើម្បីបានផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានណែនាំដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីរដ្ឋបាលក្រុងបូកគោ ដែលទើបបង្កើតថ្មីនេះ ត្រូវតែយកចិត្តទុកដាក់សហការគ្នា ប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព និងជម្នះនូវបញ្ហាប្រឈមខ្វះខាតចំពោះមុខ នៃចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងដំបូងនេះឱ្យបានល្អ និងត្រូវឈានដល់ជំហានបន្តបន្ទាប់ទៀត ដើម្បីកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួន ឱ្យមានលក្ខណៈល្អប្រសើរ ក្នុងគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្រុងបូកគោជារដ្ឋបាលក្រុងថ្មីមួយ ដែលរាជរដ្ឋាភិបាលទើបសម្រេចបង្កើតថ្មី ហើ​យបានធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងស្របទៅនឹងច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ និងត្រូវបានប្រកាសលទ្ធផល សមាសភាពសមាជិកក្រុមប្រឹក្សាក្រុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗនេះ។

ថ្មីៗនេះដែរ ក្រុងបូកគោក៏បានប្រកាសពីសមាសភាពដឹកនាំក្រុង ដោយលោកស្រី ងិន ផលរ័ត្ន បានក្លាយជាអភិបាលក្រុងថ្មី នៃខេត្តកំពតក្រុងបូកគោនេះ និងរំពឹងថាវានឹងធ្វើឱ្យវិនិយោគនៅក្នុងទីតាំងក្រុងថ្មី កាន់តែមានភាពទាក់ទាញដល់វិនិយោគិន ដីធ្លីដោយបច្ចុប្បន្ននេះ មានវិនិយោគិនជាបន្តបន្ទាប់ ហើយកំពុងជំរុញគម្រោងអភិវឌ្ឍន៍របស់ខ្លួនជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here