កម្ពុជាជាប្រទេសដាំដំឡូងមីធំជាងគេទី៤នៅអាស៊ី និងធំជាងគេទី១០ ក្នុងពិភពលោក

ដោយៈ សាវុធ

ភ្នំពេញៈ ប្រទេសកម្ពុជាត្រូវបានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចាត់ទុកថាជាប្រទេសដាំដំឡូងមីធំជាងគេទី៤នៅអាស៊ី និងធំជាងគេទី១០ក្នុងពិភពលោក ខណៈការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី គឺជាគន្លឹះមួយ សម្រាប់បង្កើនការងារ និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយវាក៏ជាប្រភពចំណូលចម្បងមួយសម្រាប់កសិករផងដែរ។

លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ក្នុងសេចក្តីប្រកាសរបស់ UNDP កាលពីពេលថ្មីនេះថា ដំឡូងមីផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី។ វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលនយោបាយជាតិស្តីពីដំឡូងមី ត្រូវបានរៀបចំឡើង ដោយក្រុមការងារដំឡូងមីរបស់រដ្ឋាភិបាល និងបានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០។ គោលនយោបាយជាតិដ៏មានសារៈសំខាន់នេះ នឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៥ មានគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែច្នៃពីដំឡូងមីពីកម្ពុជា។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា “ដំឡូងមី គឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាញយកប្រយោជន៍ពេញលេញនាពេលអនាគត ចាំបាច់ត្រូវកែលម្អខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាព និងការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីច្បាមយកឱកាសទីផ្សារថ្មីៗ។

លោកបានថ្លែងបន្តថា គោលនយោបាយនេះនឹងធ្វើឱ្យដំឡូងមីក្លាយជាដំណាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនៅកម្ពុជា និងជួយពង្រីកមូលដ្ឋានសេដ្ឋកិច្ច សំដៅចូលរួមវិភាគទានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០៣០ និង ២០៥០។

លោកម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ដំឡូងមី គឺជាដំណាំឧស្សាហកម្ម ដែលមានការដាំដុះបានរហូតដល់ទៅ ១២ លានតោនក្នុងមួយឆ្នាំៗ ហើយវាមានសក្តានុពលក្នុងការធ្វើឱ្យជីវភាពរស់នៅរបស់កសិករប្រសើរឡើង និងជាដំណាំនាំចេញ។ ដោយផ្អែកលើចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីដំឡូងមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការរួមគ្នាជាមួយដៃគូផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យនេះ ស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here