ដោយៈ ប៊ី
ភ្នំពេញៈ សេចក្តីច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជា ដែលគ្រោងនឹងដាក់ប្រកាស ឱ្យប្រើនាពេលខាងមុខនេះ នឹងអាចចូលរួមពន្លឿននូវកិច្ចចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងតែធ្វើឡើងជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្ម។
លោកសំអាត ច័ន្ទសុមានិតប្រធានមជ្ឈមណ្ឌលវោហារ ដែលផ្តោតលើគោលនយោបាយសាធារណៈ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិបានថ្លែង ក្នុងកម្មវិធីមួយរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីកាលពីថ្មីៗនេះថា ដោយសារតែសេចក្ដីព្រាងច្បាប់ថ្មីស្តី ពីការវិនិយោគនេះ កំពុងស្ថិតក្រោមការអនុម័តពីអង្គនីតិប្បញ្ញត្តិ ពោលគឺពុំទាន់ដាក់ប្រកាសឲ្យប្រើជាផ្លូវការនៅឡើយទេ ដូច្នេះក៏ពុំទាន់មានឯកសារណាមួយ បញ្ជាក់ច្បាស់ឡើយទេថាសេចក្ដីព្រាងច្បាប់មាន ការផ្តល់ក្របខ័ណ្ឌលើកទឹកចិត្តដល់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យ៉ាងដូចម្ដេចខ្លះដែរ។
ប៉ុន្តែគេអាចដឹងបានថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងផ្តល់របបលើកទឹកចិត្តផ្នែកពន្ធ និងការលើកទឹកចិត្ត មិនមែនពន្ធកាន់តែប្រសើរជាងច្បាប់ចាស់ ជាពិសេសការលើកលែងពន្ធលើប្រាក់ចំណេញ ការលើកលែងពន្ធគយលើសម្ភារសាងសង់ បរិក្ខារផលិតកម្ម ឬក៏ធាតុចូលផលិតកម្មនានា ដែលបម្រើដល់ការអនុវត្ត គម្រោងវិនិយោគទាំងអស់នោះ បូករួមទាំងការលើកទឹកចិត្តមិនមែនពន្ធផងដែរ ដូចជា ការការពារនិងការធានាដល់ការវិនិយោគ ការផ្តល់សេវាថែទាំវិនិយោគដែលមានស្រាប់ ការផ្តល់កិច្ចសន្យាវិនិយោគតាមរយៈយន្តការច្រកចេញចូលតែមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកសំអាត ច័ន្ទសុមានិតបានថ្លែងដូច្នេះថា “ខ្ញុំគិតថា ច្បាប់វិនិយោគថ្មីដែលគ្រោងនឹងប្រកាសឲ្យប្រើនាពេលខាងមុខនេះ ក៏នឹងអាចចូលរួមពន្លឿនបានមួយផ្នែកខ្លះដែរ ចំពោះកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ”។
លោកបានឱ្យដឹងថា នេះជាយុទ្ធសាស្ត្រព្រមគ្នាសម្រាប់កម្ពុជា យើងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផង ធ្វើពិពិធកម្មទីផ្សារនាំចេញផង និងជំរុញការងារការទូតសេដ្ឋកិច្ច ហើយសំខាន់នោះ គឺការធ្វើសមារណកម្មឧស្សាហកម្មកម្ពុជា ទៅនឹងបណ្ដាញផលិតកម្មក្នុងតំបន់ និងសកល ជាពិសេសគឺការទាក់ទាញវិនិយោគ ដែលជាប្រភេទឧស្សាហកម្មគាំទ្រ ដូចជា (១) ឧស្សាហកម្មអនុគមន៍ (Forward Linkages)។
ពីព្រោះឧស្សាហកម្មទាំងអស់នេះ គឺមានចរិតជាឧស្សាហកម្ម ដែលបម្រើឲ្យខ្សែចង្វាក់តម្លៃក្នុងតំបន់ ហើយអាចតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកលថែមទៀត ក៏រួមទាំង (២) ឧស្សាហកម្មប្រតិគមន៍ (Backward Linkages) ដែលជាឧស្សាហកម្មតភ្ជាប់បណ្ដាញផ្គត់ផ្គង់វត្ថុធាតុដើម ទៅនឹងឧស្សាហកម្មដែលបម្រើឲ្យការនាំចេញ។
លោកបានថ្លែងបន្តថា ដូច្នេះរដ្ឋាភិបាលគួរតែពន្លឿនកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ ឲ្យបានឆាប់ផងដែរ ដើម្បីយើងអាចចាប់យកឱកាស និងទិសដៅយុទ្ធសាស្ត្រទាំងអស់បានព្រមគ្នា។
សេចក្តីព្រាងច្បាប់ស្តីពី «វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ដែលគេរំពឹងថានឹងដើរតួនាទីសំខាន់ ក្នុងការបង្កើនសក្តានុពលប្រទេសកម្ពុជា ក្នុងការស្រូបទាញវិនិយោគិនក្នុង និងក្រៅប្រទេសឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការហើយ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅដើមខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ។
ខ្លឹមសារសំខាន់ៗនៅក្នុងសេចក្តីព្រាងច្បាប់នេះ មានដូចជា ការបង្កើតរបបលើកទឹកចិត្តវិនិយោគ ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក ការផ្ទេរបច្ចេកវិទ្យា ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការផ្តល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅកម្ពុជា៕