ដោយៈ លក្ខិណា
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីរបស់កម្ពុជា និងប្រទេសលើពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យរបស់ព្រឹទ្ធសភាជាតិកម្ពុជា ហើយបន្ទាប់ពីនោះនឹងថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដើម្បីដាក់ដំណើរការជាផ្លូវការ។
កិច្ចព្រមព្រៀង៣ដែលព្រឹទ្ធសភាកម្ពុជាបាន និងកំពុងពិនិត្យរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិន ជាមួយកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយតំបន់(អសិប)។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងនៅក្នុងកិច្ចប្រជុំការពារសេចក្ដីព្រាងច្បាប់ជាមួយព្រឹទ្ធសភា កាលពីថ្ងៃទី៣សីហា២០២១ បានលើកឡើងថា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អសិប កម្ពុជារំពឹងថា នឹងអាចបង្កើតទីផ្សារដល់ទៅ២,២ពាន់នាក់ គិតជាទឹកប្រាក់ផលិតផលក្នុងស្រុករហូតដល់២៦,២ទ្រីលានដុល្លារអាមេរិកឬ៣០ភាគរយនៃផលិតផលសរុបពិភពលោក។
លោកបានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)- ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។
កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។
ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕