ដោយៈលក្ខិណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចាប់ផ្ដើមប្រកាសដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលស្ដីពី អាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម ខណៈបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាន់តែមានការរីកលូតលាស់ជាបន្តបន្ទាប់ ហើយក៏មានសហគ្រិនជាច្រើន ចាប់ផ្ដើមរកចំណូលពីបច្ចេកវិទ្យានេះដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤សីហា ២០២១នេះឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្ម បែបឌីជីថលនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់ នៃគម្រោងGo4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងគឺពង្រឹង និងលើកកម្ពស់សហគ្រិនភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការចូលរួមការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងពិភពលោក។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រីតឹក រ៉េតកម្រង បានមានប្រសាសន៍ថាកម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្ម បែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានរួមគ្នារវាង ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ចកិច្ចនិងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសហការអនុវត្តដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោកស្រីបានលើកបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម រួមមាន ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ។
លោកស្រីក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ របស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះទទួលបានជោគជ័យ និងផ្ដល់ផ្លែផ្លាដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ធ័ន្ធសហគ្រាសធុនតូចនិងមធ្យមបានលើកឡើងកន្លងមកថា វិស័យSME នៅតែដើរតួនាទីសំខាន់នៅក្នុងបរិបទកូវីដ១៩នេះ ហើយវិស័យនេះ ក៏ត្រូវការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលបន្តទៀត ដើម្បីជំរុញការលូតលាស់បន្ថែម ដើម្បីផលិតទំនិញផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា និងឈានដល់ការផ្គត់ផ្គង់ក្រៅប្រទេស៕