ដោយៈ ម៉ាណេត
ភ្នំពេញៈ ដោយមានការគាំទ្រពីសហគមន៍អឺរ៉ុប អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយរដ្ឋបាលជលផល(FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច មធ្យមនិងធំ (VCIS)។
គំរោងនេះមានគោលបំណងគាំទ្រ ដល់សហគ្រាសកែច្នៃផលជលផលក្រោយប្រមូលផលខ្នាតតូច មធ្យមនិងធំនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់UNIDOនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
កម្មវិធី VCIS គឺជាគម្រោងវិនិយោគរួមគ្នា ដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផលដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ កែលម្អលក្ខខណ្ឌផលិតនិងបន្ថែមតម្លៃលើផលិតផលរបស់ខ្លួន តាមរយៈការទទួលបានវិញ្ញាបនប័ត្រ សុវត្ថិភាពចំណីអាហារ ដែលនឹងរួមចំណែក បង្កើនភាពប្រកួតប្រជែងរបស់ផលិតផលទាំងនោះ នៅលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។
VCIS ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងឧបករណ៍ដល់សហគ្រិនកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មជាស្ត្រី និងយុវជនក្នុងវិស័យជលផលក្រោយប្រមូលផល។ VCIS ផ្តល់ការគាំទ្រដែលមានតម្លៃ ចាប់ពី ២៥,០០០ ដុល្លារទៅ១០០,០០០ដុល្លារ សម្រាប់សហគ្រាស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្មឱ្យស្របទៅនឹងស្តង់ដារសុវត្ថិភាពចំណីអាហារនិងតម្រូវការទីផ្សារ។ ការទទួលពាក្យស្នើសុំរបស់ VCIS នឹងប្រព្រឹត្តិឡើងជាប្រចាំខែ ដោយជុំទីមួយចាប់ផ្តើមពីថ្ងៃទី១ សីហាឆ្នាំ២០២១។
VCIS មានគម្រោងដាក់ទុនវិនិយោគរួមជាង៥លានដុល្លារ ដើម្បីគាំទ្រសហគ្រាសកែច្នៃផលិតផលជលផលប្រមាណ១០០កន្លែង និងផ្នែកទាក់ទងផ្សេងៗជាច្រើនទៀតក្នុងខ្សែច្រវាក់តម្លៃផ្នែកជលផលក្រោយប្រមូលផល។
វិស័យជលផលនៅតែជាចលករ លើកស្ទួយសេដ្ឋកិច្ចដ៏សំខាន់ និងជាប្រភពការងារសម្រាប់ប្រជាជនកម្ពុជាភាគច្រើន។ វិស័យជលផលក្រោយប្រមូលផល បានបង្កើតការងារប្រមាណ៣៣,០០០ ការងារជាពិសេសសំរាប់ស្ត្រី។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា ខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល គឺជាសសរស្តម្ភមួយក្នុងការអភិវឌ្ឍវិស័យជលផល ដែលមានតួនាទីយ៉ាងសំខាន់ រួមចំណែកលើការបង្កើតការងារ សន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់វិស័យជលផល (២០១៦-២០២៥) ផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ២០១៩-២០២៣។
លោកពុំ សុថា អគ្គនាយករដ្ឋបាលជលបានលើកឡើងថា VCIS នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងនិងការពង្រីកទីផ្សាររបស់ ប្រតិបត្តិករអាជីវកម្មជលផលក្រោយប្រមូលផលខ្នាតតូច និងមធ្យម។ ការគាំទ្ររបស់កម្មវិធី VCISនឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មរបស់សហគ្រាស និងសង្គមប្រកបដោយចីរភាព។
លោកបានថ្លែងបន្តថា “យើងមានគោលដៅលើកកម្ពស់ ភាពប្រកួតប្រជែងរបស់អាជីវកម្មផលិតផលជលផលនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានការអនុវត្តល្អប្រសើរ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យានិងវិញ្ញាបនប័ត្របញ្ជាក់ពីសុវត្ថិភាពចំណីអាហារ ដែលមិន គ្រាន់តែឆ្លើយតបបានល្អប្រសើរ ទៅនឹងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែរួមទាំងទីផ្សារក្នុងតំបន់និងពិភពលោកផងដែរ”។
កម្មវិធីVCIS របស់គម្រោង CAPFISH-Capture:គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលត្រូវបានអនុវត្ត ដោយUNIDO និងរដ្ឋបាលជលផល ក្រោមការគាំទ្រថវិកាពីសហគមន៍អឺរ៉ុប។
លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ថា គម្រោង CAPFISH ដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ រយៈពេលវែងច្បាស់លាស់ សំដៅគាំទ្រដល់ វិស័យជលផល និងប្រតិបត្តិករ ក្នុងវិស័យឯកជនសំដៅពង្រឹង វិស័យជលផលនៅកម្ពុជា។
លោកបានថ្លែងបន្តថា “ការគាំទ្រនេះនឹងផ្តល់ ជាប្រយោជន៍ដល់អាជីវកម្ម ផលិតផលជលផល តាមរយ:ការបង្កើតការងារ ផ្តល់ការគាំទ្រសន្តិសុខស្បៀងនិងជីវភាពរស់នៅ សម្រាប់ប្រជាពលរដ្ឋ”។ លោកសង្កត់ធ្ងន់ថា “កម្មវិធីគាំVCIS នឹងរួមចំណែកបង្កើនតម្លៃបន្ថែមលើធនធានជលផលសម្រាប់ ទីផ្សារសាកល រួមទាំងទីផ្សារអឺរ៉ុបផងដែរ”។
លោកសុខ ណារិនតំណាងប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានបពា្ជក់ពីគុណប្រយោជន៏របស់ VCIS ដែលអាចជួយជំរុញ ផលិតផលជលផលឲ្យ មានសុវត្ថិភាព គុណភាព និងប្រកបដោយអាហាររូបប។
លោកបានបន្ថែមថា VCIS នឹងចូលរួមចំណែក បង្កើនជំនឿទុកចិត្តលើផលិតផលក្នុងស្រុកពីសំណាក់អតិថិជន ក៏ដូចជា ការចូលរួមចំនែកកសាងប្រព័ន្ធចំណីអាហារ ក្នុងស្រុកប្រកបដោយនិរន្តរភាព។ កិច្ចគាំទ្រនេះ គឺធ្វើឡើងទាន់ពេលវេលាល្អណាស់ ដោយសារបញ្ហាប្រឈម ដែលសហគ្រាសភាគច្រើនកំពុងជួបប្រទះទាំងនេះ កាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារផលប៉ះពាល់ដែលបង្កដោយជំងឺរាតត្បាតCovid-19៕