ដោយៈឧត្តម
អន្តរជាតិ: ឆ្នាំ២០២០ គឺជាឆ្នាំសោកនាដកម្មសម្រាប់មនុស្សជាតិ ស្របពេលពិភពលោកការខាតបង់ធ្ងន់ធ្ងរ និងទុក្ខសោកដ៏តក់ស្លុត ដែលពិបាកនឹងគណនាឱ្យអស់សេចក្ដី ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ បានឈានដល់ការបិទខ្ទប់ ការរឹតបន្តឹងនានា បម្រាមលើការធ្វើដំណើរ ការជាប់គាំងនូវសកម្មភាពសេដ្ឋកិច្ច ដែលទាំងអស់នេះ បានទាញទម្លាក់ពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។
ខណៈពេលដែលយើងកំពុងបន្តប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ ឆ្នាំ២០២១ បាននាំមកនូវក្តីសង្ឃឹមឡើងវិញ ដោយសាររដ្ឋាភិបាលនានា នៅជុំវិញពិភពលោកបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលកំពុងជួយដល់ការបើកព្រំដែនឡើងវិញ ធ្វើឱ្យសកម្មភាពផលិតកម្ម និងការនាំចេញចាប់ផ្ដើមឡើងវិញ ហើយនាំការងារត្រលប់មកវិញ។
យោងតាមសារព័ត៌មាន Nasdaq ចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ទិន្នន័យឆ្នាំ២០២១ សម្រាប់១៩៣ប្រទេស ដែលផ្ដល់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននាំមកនូវសុទិដ្ឋិនិយមខ្លះៗ ដោយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់១៧០ប្រទេសត្រូវបានរំពឹងថា នឹងទទួលបានកំណើនចាប់ពី១%ឡើងទៅ។ ប្រទេសប្រមាណ៩ត្រូវបានរំពឹងថា នឹងទទួលបានកំណើនចន្លោះពី០%ទៅ១% ហើយតាមការរំពឹងទុកថា ផលកំនើននៃសេដ្ឋកិច្ច ដែលទទួលបានកំណើនជាអវិជ្ជមាន នឹងត្រូវបានកាត់បន្ថយមកនៅត្រឹម១៤ប្រទេស បើធៀបនឹង១៦៥ប្រទេសក្នុងឆ្នាំ២០២០កន្លងទៅ។
ខាងក្រោមនេះជាសេដ្ឋកិច្ចរបស់ប្រទេស ដែលងើបឡើងលឿនជាងគេក្នុងឆ្នាំ២០២១ ដោយផ្អែកលើការព្យាករដោយស្ថាប័ន IMF ក្នុងខែមេសា ឆ្នាំ២០២១។
*ចំណាត់ថ្នាក់លេខ១៖ ប្រទេសលីប៊ី
•ឆ្នាំ២០២០៖ កំណើនសេដ្ឋកិច្ច៥៩.៧២%
•ឆ្នាំ២០២១៖ កំណើនសេដ្ឋកិច្ច១៣០,៩៨%
•ឆ្នាំ២០២២៖ កំណើនសេដ្ឋកិច្ច៥,៤៤%
•ឆ្នាំ២០២៣៖ កំណើនសេដ្ឋកិច្ច៤,៨៧%
លីប៊ី ដែលជាប្រទេសសម្បូរដោយធនធានប្រេង គឺជាសមាជិកមួយរបស់អង្គការ OPEC ហើយត្រូវបានចាត់ទុកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។នេះបើយោងតាមធនាគារពិភពលោក (World Bank)។ ប្រទេសនេះត្រូវបានមេដឹកនាំផ្ដាច់ការ Muammar Gaddafi គ្រប់គ្រងអស់រយៈពេល៤២ឆ្នាំ រហូតដល់គាត់ត្រូវបានទម្លាក់ចេញពីអំណាចនៅឆ្នាំ២០១១ ដែលបានទាញទម្លាក់ប្រទេសលីប៊ីឱ្យធ្លាក់ចូលក្នុងជម្លោះ និងភាពវឹកវរ។
សេដ្ឋកិច្ចរបស់ប្រទេសនេះ ឈានជិតដល់៨០ពាន់លានដុល្លារ នៅពេលនោះ ហើយបានធ្លាក់ចុះ មកនៅត្រឹម១៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។ ប្រទេសនេះបានងើបឡើងវិញ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៩។ លីប៊ី ជាប្រទេសដែលមាន GDP ខ្ពស់បំផុតនៅអាហ្វ្រិក។ ឆ្នាំ២០២០ លីប៊ី បានក្លាយជាប្រទេសមួយ ដែលគ្រប់គ្រងដោយប្រព័ន្ធប្រឆាំងគ្នាចំនួន២ ដែលធ្វើប្រតិបត្តិការជាមួយ នឹងថវិកាដាច់ដោយឡែកពីគ្នា ដោយលីប៊ីភាគខាងលិច ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលផ្សះផ្សារជាតិ (GNA) ហើយសល់ប៉ុន្មាន ស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពជាតិលីប៊ី (LNA)។
ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានរង្គោះរង្គើស្ទើរតែពេញឆ្នាំ២០២០ ទាំងមូល នៅពេលការហ៊ុមព័ទ្ធប្រេងរយៈពេល៩ខែ ដែលបានចាប់ផ្ដើមនៅខែមករា ដើមឆ្នាំ២០២០ បានធ្វើឱ្យសេដ្ឋកិច្ច ដែលពឹងផ្អែកលើប្រេងមួយនេះធ្លាក់ចុះខ្សោយ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ឬ World Bank បង្ហាញថា “លីប៊ី ពឹងផ្អែកលើប្រេង និងឧស្ម័នជាង៦០%នៃទិន្នផលសេដ្ឋកិច្ចសរុប និងជាង៩០%នៃចំណូលសារពើពន្ធ និងការនាំចេញទំនិញ”។ បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើង ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ទោះជាយ៉ាងណា ប្រទេសលីប៊ី បានធ្វើឱ្យមានវឌ្ឍនភាពលើផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួននៅចុងឆ្នាំ២០២០ ដោយប្រទេសនេះគ្រោងរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីនៅខែធ្នូ ឆ្នាំ ២០២១។ ការផលិតប្រេងរបស់លីប៊ី ត្រូវបានព្យាករថានឹងជួយជំរុញសេដ្ឋកិច្ចឱ្យឆ្ពោះទៅមុខ។ ខណៈស្ថានភាពមិនប្រាកដប្រជាលេចឡើងស្ទុងៗ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងងើបឡើងខ្លាំង ប្រសិនបើការផ្សះផ្សារបច្ចុប្បន្ននៅតែបន្តទៅមុខដោយរលូន។
បន្ទាប់ពីធ្លាក់ចុះ៦០%ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចនៃប្រទេសលីប៊ី ត្រូវបានរំពឹងថានឹងទទួលបានកំណើនដល់ទៅ១៣០%នៅឆ្នាំ២០២១ នេះ។ GDPរបស់ប្រទេសនេះត្រូវបានរំពឹងថា នឹងកើនឡើងដល់២៤,២៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។
ចំណាត់ថ្នាក់លេខ២៖ តំបន់រដ្ឋបាលពិសេសម៉ាកាវ
•ឆ្នាំ២០២០៖ កំណើនសេដ្ឋកិច្ច ៥៦.៣១%
•ឆ្នាំ២០២១៖ កំណើនសេដ្ឋកិច្ច ៦១,២២%
•ឆ្នាំ២០២២៖ កំណើនសេដ្ឋកិច្ច ៤៣.០៤%
•ឆ្នាំ២០២៣៖ កំណើនសេដ្ឋកិច្ច ៤,៧៥%
ម៉ាកាវ បានក្លាយជាតំបន់រដ្ឋបាលពិសេស (Special Administrative Region) នៃសាធារណរដ្ឋប្រជាមានិតចិន នៅខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានធនាគារពិភពលោក ឬ World Bank ចាត់ទុកថាជាដែនដីមានប្រាក់ចំណូលខ្ពស់។ ម៉ាកាវ មានឧស្សាហកម្មល្បែងស៊ីសងតាំងពីសតវត្សរ៍ទី១៦ មកម៉្លេះ ហើយល្បែងស៊ីសងនៅតែជាវិស័យដ៏ធំដែលរួមចំណែកដល់សេដ្ឋកិច្ចរបស់ខ្លួន។
នៅឆ្នាំ២០០២ តំបន់រដ្ឋបាលពិសេសម៉ាកាវ បានធ្វើសេរីភាវូបនីយកម្មទីផ្សារល្បែងស៊ីសង ដោយបានណែនាំវិនិយោគិនថ្មីៗ និងបានដាក់ចេញគំរូប្រតិបត្តិការមកកាន់ទីផ្សារក្នុងស្រុក។ នៅដំណាច់ឆ្នាំ២០២០ មានកាស៊ីណូចំនួន១៤ទីតាំងនៅម៉ាកាវ ដែលផ្ដល់ការងារដល់មនុស្សចំនួន៦០.០០០នាក់។
កាលពីពេលថ្មីៗនេះ “ប្រាក់ចំណូលល្បែងសរុបរបស់ម៉ាកាវ ថែមទាំងមានចំនួនលើសប្រាក់ចំណូលរបស់ Las Vegas (សហរដ្ឋអាមេរិក) ទៀតផង ដែលបានធ្វើឱ្យវាក្លាយជាទីក្រុងល្បែងធំបំផុតក្នុងពិភពលោក”។
ម៉ាកាវ ជាតំបន់សេដ្ឋកិច្ចតូច ប៉ុន្តែមានស្ថិរភាពដែលអនុវត្តន៍ តាមគោលនយោបាយសេដ្ឋកិច្ចបើកចំហ។ ម៉ាកាវ មានរបបពន្ធទាបបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមានប្រាក់ចំណូលមធ្យម ក្នុងមនុស្សម្នាក់ៗកម្រិតខ្ពស់។ វិស័យទេសចរណ៍មានចំណែកប្រហែល៤៨%នៃ GDP សរុបរបស់ម៉ាកាវ។
ចំណូលមធ្យមក្នុងមនុស្សម្នាក់ៗរបស់ម៉ាកាវ គឺមានចំនួន៨១.១៥៦ដុល្លារ ក្នុងឆ្នាំ២០១៩ ដែលធ្លាក់ចុះមកនៅត្រឹម៣៦.៣៥០ដុល្លារក្នុងឆ្នាំ២០២០ នៅពេលសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ៥៦% ពីចំនួន៥៥.១៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹម២៤.៣៣ពាន់លានដុល្លារ។ រដ្ឋបាលគ្រប់គ្រងរបស់ម៉ាកាវ បានប្រកាសកញ្ចប់ថវិកាជុំថ្មីមួយនៅខែមីនា ឆ្នាំ២០២១ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។
ជាមួយកញ្ចប់ថវិកានេះ សេដ្ឋកិច្ចរបស់ម៉ាកាវ ត្រូវបានរំពឹងថាទទួលបានកំណើន៦១%នៅឆ្នាំ២០២១ ដែលធ្វើឱ្យវាក្លាយជាសេដ្ឋកិច្ច ដែលងើបឡើងលឿនបំផុតទី២ ប្រចាំឆ្នាំ២០២១។ GDP របស់ម៉ាកាវ ត្រូវបានព្យាករថានឹងឈានដល់៣៩,៤៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ នឹងកើនលើស៧៣,៤៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៦។
ចំណាត់ថ្នាក់លេខ៣៖ ប្រទេសដែនកោះម៉ាល់ឌីវ
•ឆ្នាំ២០២០៖ កំណើនសេដ្ឋកិច្ច ៣២,២៤%
•ឆ្នាំ២០២១៖ កំណើនសេដ្ឋកិច្ច ១៨.៨៧%
•ឆ្នាំ២០២២៖ កំណើនសេដ្ឋកិច្ច ១៣,៣៨%
•ឆ្នាំ២០២៣៖ កំណើនសេដ្ឋកិច្ច ១២,៦៣%
ម៉ាល់ឌីវ ដែលជាប្រទេសកោះនៅក្នុងមហាសមុទ្រឥណ្ឌា ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ។ ប្រទេសនេះមានកោះសរុបចំនួន១.១៩២កោះ ហើយចំនួន១៨៥ក្នុងចំណោមនោះ មានប្រជាជនរបស់ខ្លួនរស់នៅ។ ម៉ាល់ឌីវ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ យោងតាមការដាក់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក ឬ World Bank។
ប្រទេសនេះទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយសារវិស័យទេសចរណ៍លំដាប់ខ្ពស់ ដែលបានជួយឱ្យប្រទេសនេះមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងសេវាកម្មសាធារណៈដែលមានតម្លៃសមរម្យ។
ប្រហែល១ភាគ៤នៃ GDP របស់ប្រទេសម៉ាល់ឌីវ គឺពឹងផ្អែកដោយផ្ទាល់លើវិស័យទេសចរណ៍។ វិស័យរួមចំណែកធំៗផ្សេងទៀតដល់GDP គឺការនេសាទ និងសកម្មភាពពាណិជ្ជកម្មផ្សេងៗ។ ខណៈសេដ្ឋកិច្ចប្រទេសនេះ ទទួលបានកំណើនជាមធ្យមដ៏រឹងមាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសនេះបានជួបគ្រោះរញ្ជួយដីម្ដងហើយម្ដងទៀត តួយ៉ាងដូចជាគ្រោះរលកយក្សស៊ូណាមិ នៅខែធ្នូ ឆ្នាំ២០០៤ ជាដើម។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ រដ្ឋាភិបាលម៉ាល់ឌីវ បានបិទព្រំដែននៅចន្លោះចុងខែមីនា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០ ដែលបានធ្វើឱ្យរំហូរភ្ញៀវទេសចរបាត់បង់ទាំងស្រុងភ្លាមៗមួយរំពេច ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនធ្ងន់ធ្ងរមិនធ្លាប់ជួប។ ប្រទេសម៉ាល់ឌីវ ទទួលបានភ្ញៀវទេសចរជាង១.៧លាននាក់ក្នុងឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់ចុះ៦៧.៤%ក្នុងឆ្នាំ២០២០។
ទំហំ GDP របស់ខ្លួនបានធ្លាក់ចុះ១ ភាគ៣ ពីចំនួន៥.៦៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹម៣.៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ ធនាគារពិភពលោក ឬ World Bank ប៉ាន់ប្រមាណថា “ផ្អែកលើទិន្នន័យស្ទង់មតិគ្រួសារពលរដ្ឋបង្ហាញថា អត្រាភាពក្រីក្រ បានកើនឡើងពី២,១%ក្នុងឆ្នាំ២០១៩ ដល់៧,២%ក្នុងឆ្នាំ២០២០”។ ដោយសារវិស័យទេសចរណ៍ងើបឡើងវិញជាបណ្ដើរៗ សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរំពឹថានឹងទទួលបានកំណើន១៨,៨៧%ដល់៤,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
ចំណាត់ថ្នាក់លេខ៤៖ ប្រទេសហ្គូយ៉ាណា (Guyana)
•ឆ្នាំ២០២០៖ កំណើនសេដ្ឋកិច្ច ៤៣,៣៨%
•ឆ្នាំ២០២១៖ កំណើនសេដ្ឋកិច្ច ១៦,៣៩%
•ឆ្នាំ២០២២៖ កំណើនសេដ្ឋកិច្ច ៤៦,៤៩%
•ឆ្នាំ២០២៣៖ កំណើនសេដ្ឋកិច្ច ៣០.៥៦%
Guyana ស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចគេចផុតពីការធ្លាក់ចុះសេដ្ឋកិច្ចក្នុងឆ្នាំ២០២០។ Guyana ជាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងជាប្រទេស ដែលមានអត្រានិរប្រវេសន៍ (ការរត់ទៅរស់នៅប្រទេសក្រៅ) ខ្ពស់បំផុតក្នុងពិភពលោក។ ប្រទេសនេះគ្របដណ្តប់ដោយព្រៃក្រាស់ និងដីកសិកម្មមានជីជាតិ ហើយមានធនធានធម្មជាតិសម្បូរបែប។
រ៉ែមាស រ៉ែបុកស៊ីត (bauxite) ស្ករស អង្ករ ឈើ និងបង្គាស្ថិតក្នុងចំណោមទំនិញនាំចេញឈានមុខគេរបស់ខ្លួន។
ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ១៦.៣៩%ក្នុងឆ្នាំ២០២១ Guyana ស្ថិតក្នុងចំណោមសេដ្ឋកិច្ច ដែលងើបឡើងលឿនបំផុតក្នុងពិភពលោក។ GDP របស់ខ្លួនចំនួន៥,៧៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ត្រូវបានរំពឹងថានឹងកើនឡើងដល់៧,២៥ពាន់លានដុល្លារនៅឆ្នាំ២០២១ ហើយនឹងកើនឡើងទ្វេគុណនៅត្រឹមឆ្នាំ២០២៣។ ប្រទេសនេះ មានចំណូលមធ្យមក្នុងមនុស្សម្នាក់ៗចំនួន៧.៣២៧ដុល្លារ ដែលត្រូវបានរំពឹថានឹងកើនឡើងដល់៩.១៩២ដុល្លារនៅឆ្នាំ២០២១ ហើយនឹងឡើងដល់១៥.០០០ដុល្លារនៅត្រឹមឆ្នាំ២០២៥។
ចំណាត់ថ្នាក់លេខ៥៖ ប្រទេសឥណ្ឌា
•ឆ្នាំ២០២០៖ កំណើនសេដ្ឋកិច្ច ៧,៩៧%
•ឆ្នាំ២០២១៖ កំណើនសេដ្ឋកិច្ច ១២.៥៥%
•ឆ្នាំ២០២២៖ កំណើនសេដ្ឋកិច្ច ៦,៩៣%
•ឆ្នាំ២០២៣៖ កំណើនសេដ្ឋកិច្ច ៦,៨២%
ផ្អែកតាមការព្យាកររបស់ស្ថាប័ន IMF សម្រាប់ឆ្នាំ២០២១ បានបង្ហាញថា ប្រទេសឥណ្ឌា គឺជាសេដ្ឋកិច្ចដែលងើបឡើងលឿនបំផុតទី៥ និងជាសេដ្ឋកិច្ចទំហំទ្រីលានដុល្លារ ដែលងើបឡើងលឿនបំផុតក្នុងពិភពលោក។
ដោយមានប្រជាជនជាង១,២ពាន់លាននាក់ ឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក។
ការបិទខ្ទប់ទូទាំងប្រទេសនៅក្នុងឆមាសទី១ ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវិរុសកូវីដ-១៩ ស្ទើរតែធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនានាក្នុងប្រទេសនេះជាប់គាំងទៅហើយ ដែលធ្វើឱ្យឥណ្ឌា ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សរុបមក សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ៧,៩៧%អំឡុងឆ្នាំ២០២០។
ឥណ្ឌា ជាប្រទេសមានប្រាក់ចំណូលមធ្យម នេះបើយោងតាមធនាគារពិភពលោក ឬ World Bank។ GDP របស់ប្រទេសនេះបានធ្លាក់ចុះពី២.៨៧ទ្រីលានដុល្លារក្នុងឆ្នាំ២០១៩ មកត្រឹម២.៧ទ្រីលានដុល្លារនៅឆ្នាំ២០២០។
ទោះជាយ៉ាងណា សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានព្យាករថា នឹងទទួលបានកំណើន១២,២៥%ក្នុងឆ្នាំ២០២១ ដោយGDP ត្រូវបានរំពឹងថា នឹងកើនលើសពី៣ទ្រីលានដុល្លារ ហើយនឹងឈានដល់៤,២ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៥៕