ដោយៈលក្ខិណា
ភ្នំពេញៈ ម្ចាស់អាជីវករកម្ពុជាមួយចំនួន បានចាប់ផ្ដើមរងផលប៉ះពាល់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលប្រកាសរតបន្តឹងវិធានការរដ្ឋបាល ដោយសារតែការរាលដាលនៃកូវីដ១៩ប្រភេទថ្មី (Delta )។
ដោយសារតែវិធានការរឹតបន្តឹងបែបនេះ ជាពិសេសអាជីវកម្មលក្ខណៈប្រមូលផ្ដុំដូចជាហាងកាហ្វេ និងភោជនីយដ្ឋានក៏ចាប់ផ្ដើមផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយភ្ជាប់ជាមួយក្រុមហ៊ុនដឹងជញ្ជូនសម្រាប់អតិថិជនបញ្ជាទិញតាមប្រព័ន្ធអនឡាញ។
ម្ចាស់ហាងកាហ្វេ មេឌាកាហ្វេ លោកពិសិដ្ឋបានឱ្យដឹងថា ដោយសារតែវិធានការរឹតបន្តឹងរបស់អាជ្ញាធរ មិនអនុញ្ញាតឱ្យហាងកាហ្វេ ភោជនីយដ្ឋាន អាហារដ្ឋានទទួលភ្ញៀវក្នុងហាងបាន និងតម្រូវឱ្យលក់ខ្ចប់ ធ្វើឱ្យបរិមាណនៃការលក់បានធា្លក់ចុះ និងប៉ះពាល់ដល់ប្រាក់ចំណូលយ៉ាងខ្លាំង។
លោកបន្តថា “ដើម្បីទទួលបានប្រាក់ចំណូលឡើងវិញ ក្នុងអំឡុងពេលនេះការរឹតបន្តឹងនេះ លោកក៏សម្រេចចិត្តផ្លាស់ប្តូរយុទ្ធាសាស្ត្រ ដោយភ្ជាប់ជាមួយក្រុមហ៊ុនដឹកជញ្ជូនហើយដាក់ទំនិញរបស់លោក ទៅក្នុងកម្មវិធីទូរសព្ទដៃរបស់ក្រុមហ៊ុនដឹកជញ្ជូន និងអាច ឱ្យអតិថិជនធ្វើការកុម្ម៉ង់ទំនិញអាហារ និងភេសជ្ជៈតាមទូរសព្ទដៃ និងមានការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ”។
លោកពពិសិដ្ឋបានបន្ថែមថា កាលពីអំឡុងពេលបិទខ្ទប់រាជធានី និងក្រុងតាខ្មៅ លោកទទួលបានការបញ្ជាទិញច្រើនពីអតិថិជន ហើយក្រោយពេលរដ្ឋាភិបាលប្រកាសបិទខ្ទប់ និងអនុញ្ញាតឱ្យបើកដំណើរការអាហារដ្ឋានហាងកាហ្វ និងឱ្យភ្ញៀវចូលពីសាក្នុងហាងវិញបាននោះ ក៏មានភ្ញៀវចូលមកច្រើនជាងការបញ្ជាទិញតាមអេប។
ថ្មីៗនេះ ដោយសារតែមេរោគកូវីដបំប្លែងថ្មី លោកត្រូវជំរុញការលក់តាមអេបជាមួយកក្រុមហ៊ុនដឹកជញ្ជូនឡើងវិញហើយ ក្នុងពេលភ្ញៀវមកអាចចូលមកពីសាក្នុងហាងដូចមុន ។
ការបញ្ជាទិញទំនិញ និងអាហារតាមប្រព័ន្ធទូរសព្ទដៃ នៅក្នុងប្រទេសកម្ពុជាហាក់ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ហើយក៏មានក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនថ្មីៗជាច្រើន បានលេចរូបរាងឡើងនៅក្នុងបរិកូវីដ១៩ ជាក់ស្ដែងសូម្បីតែសេដ្ឋីលំដាប់ប្រទេសកម្ពុជា ក៏បានបើកក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជាបន្ថែមពីលើអាជីវកម្មរបស់ខ្លួនផងដែរ។
ម្ចាស់អាជីវកម្មលក់អាហារផ្សេងទៀត ក៏បានប្តូរមកលក់ជូនអតិថិជនដោយដាក់ជាខែ បានន័យថាមួយថ្ងៃផ្គត់ផ្គង់អាហារ និងភេសជ្ជដោយដឹកជញ្ជូនដល់ទីតាំង ការិយាល័យធ្វើការ ឬដល់ផ្ទះនិងត្រូវបង់ប្រាក់ជាខែជំនួសឱ្យការបញ្ជាទិញម្ដងៗ។ ទាំងនេះគឺជាយុទ្ធសាស្ត្រក្នុងការរកប្រាក់ចំណូលទប់ទប់ នឹងការចំណាយនៅក្នុងពេលវិធានការត្រូវរឹតត្បិតបែបនេះ ។
គិតត្រឹមរយៈពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរនៅរាជធានីភ្នំពេញបានសម្រេចបិទផ្សារនិងតំបន់មួយចំនួនជាបន្តបន្ទាប់ ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ការឆ្លងក្នុងសហគមន៍កាន់តែច្រើនឡើងនៃមេរោគ កូវីដ១៩ប្រភេទDelta ហើយនៅថ្ងៃនេះដែរ អាជ្ញាធរបានសម្រេចបិទផ្សារដើមគរ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ដែលតាម្នាក់ដែលមកទិញទំនិញក្នុងផ្សារមួយនេះ៕