ម្ហូបអាហារនៅលើទីផ្សារបានឡើងថ្លៃតិចតួចនៅឆមាសទីមូយឆ្នាំ២០២១

ដោយ សុជាតា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការឡើងថ្លៃទំនិញក្នុងរយៈពេលកន្លងទៅនេះ មិនទាន់ក្លាយទៅជាការគំរាមកំហែងដល់សេដ្ឋកិច្ច សង្គមកម្ពុជាទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម សៀង ថៃ បានមានប្រសាសន៍ឲ្យដឹងដោយពន្យល់ថា បើពិនិត្យលើស្ថិតិឆ្នាំ ២០២០ និងឆ្នាំ ២០២១​ ទំនិញមួយចំនួន ឡើងថ្លៃ មួយចំនួនថេរ និង ចំនួនតិចតួចមានការចុះថ្លៃទៅវិញ។

លោកបន្តថា មូលហេតុដែលធ្វើអោយមានការឡើងថ្លៃតិចតួចនេះ គឺដោយសារមូលហេតុចំបងបីធំៗគឺ ទី១ តម្រូវការខ្ពស់ជាងការផ្គត់ផ្គង់ : ជាការពិតណាស់ ក្នុងពេលដែលប្រទេសយើងកំពុងមានបញ្ហាប្រឈម គឺយើងទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ផលិតកម្មមួយចំនួនមិនមានសកម្មភាពដូចសព្វមួយដង ធ្វើឲ្យការផ្គត់ផ្គង់មានការថយចុះ ហើយព្រមពេលជាមួយគ្នា ប្រជាពលរដ្ឋភាគច្រើន បានទិញទំនិញជាច្រើនមកស្តុកទុក ធ្វើឲ្យតម្រូវការត្រូវបានកើនឡើង។

ទី២. ទំនិញមួយចំនួនឡើងថ្លៃ ដោយសារទំនិញផ្សេងឡើងថ្លៃ : ដូចខ្ញុំបានជម្រាបខាងដើមចឹងថា ក្នុងកំឡុងពេលជំងឺកូវីដ-១៩ ដោយសារមានតម្រូវការទិញស្តុកខ្លះផង គ្រឿងឧបភោគបរិភោគមួយចំនួនបានឡើងថ្លៃ។ ប្រការនេះ វាធ្វើទំនិញផ្សេងទៀតមាននិន្នាការឡើងថ្លៃដែរ។

ឧទាហរណ៍ គ្រឿងកំប៉ុង គ្រឿងកញ្ចប់ ឡើងថ្លៃ ធ្វើឲ្យអ្នកប្រើប្រាស់ងាកទៅទិញត្រីសាច់ស្រស់ច្រើនជាងមុន ធ្វើឲ្យត្រីសាច់មានឱកាសឡើងថ្លៃតាមបន្តិចទៅ។

តាមទ្រឹស្តីសេដ្ឋកិច្ច ការឡើងថ្លៃទំនិញអាចអាស្រ័យ ដោយកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ នៅពេលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង កម្លាំងទិញក៏កើន បានន័យថា តម្រូវការកើនឡើង។
លោកសៀង ថៃបានបន្ថែមទៀតថា ជាទូទៅពេលទំនិញឡើងថ្លៃ វានឹងជះឥទ្ធិពលមិនល្អ ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប។ ប៉ុន្តែការឡើងថ្លៃទំនិញខ្លះៗនាពេលកន្លងទៅ វាមិនគំរាមកំហែងសេដ្ឋកិច្ចទាំងមូលទេ។ បើនិយាយឲ្យសាមញ្ញប្រជាពលរដ្ឋនៅមានជម្រើសច្រើន។

ឧទាហរណ៍ បើសាច់ជ្រូក សាច់គោឡើងថ្លៃ ហើយត្រី មាន់ ទា មិនឡើងថ្លៃទេ គាត់អាចមានជម្រើសទិញសាច់មាន់ សាច់ទា ត្រី ច្រើនជាងតម្រូវការសព្វដងរបស់គាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here