អាជីវកម្មកាន់តែច្រើនកំពុងរងគម្រោមកំហែងនឹងការខាតបង់ជាថ្មីក្រោយលេច វត្តមានមេរោគកូវីដ១៩(Delta)

ដោយៈលក្ខិណា

ភ្នំពេញៈ មេរោគកូវីដ១៩ បំប្លែងថ្មី(Delta)កំពុងលេចវត្តមានបណ្ដើរៗនៅកម្ពុជាក្នុងខេត្តចំនួន៩នៃប្រទេសកម្ពុជា និងបានធ្វើឱ្យអាជ្ញាធរចាប់ផ្ដើមរឹងបន្តឹង ដល់តំបន់ប្រ​ឈ​មហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគនេះ ។

តាមរយៈការបិទខ្ទប់ ការរឹតបន្តឹងវិធានការរដ្ឋបាលនានា នឹងធ្វើឱ្យអាជីវកម្មមួយជាច្រើនរងផលប៉ះពាល់ឡើងវិញ បន្ទាប់ពីអាជ្ញាធរបានបន្ធូរបន្ថយមួយរយៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភោជនីយដ្ឋាន ហាងកាហ្វេ ដែលធ្លាប់លក់និងទទួលភ្ញៀវចូលពីសាក្នុងហាង ពេលនេះអាជ្ញាធរ បានតម្រូវឱ្យលក់សម្រាប់តែវេចខ្ចប់ប៉ុណ្ណោះ និងហាមដាច់ខាតការទទួលភ្ញៀវចូលទទួលទាននៅក្នុងហាងផ្ទាល់ ដែលធ្វើឱ្យម្ចាស់អាជីវកម្មបាត់បង់អតិថិជន ជាបន្តបន្ទាប់ ។

អ្នកស្រី ធីតា ម្ចាស់អាហារដ្ឋានមួយកន្លែងនៅខណ្ឌកំបូល បានឱ្យដឹងថាភ្ញៀវមួយចំនួនចង់ពិសារនៅក្នុងហាង ព្រោះបានម្ហូបក្ដៅ មានសេវាកម្មបម្រើជូន ហើយពេលទទួល​ទានរួចហើយ ពួកគាត់អាចទៅបំពេញការងារបន្តបាន ដោយមិនបាច់ខ្វល់ច្រើន តែបើសិនជាពួកគាត់តម្រូវឱ្យខ្ចប់ ពួកគាត់ថាសុខចិត្តយកម្ហូបពីផ្ទះទៅកន្លែងធ្វើការវិញ ដូច្នេះហើយទើបធ្វើឱ្យយើងបាត់បង់ភ្ញៀវមួយចំនួនធំឡើងវិញ ក្រោយពេលវិធានការរបស់អាជ្ញាធរចេញថ្មីៗ ។

អ្នកស្រីបន្តថា “យើងក៏ខ្លាច បុគ្គលិកបម្រើការកខ្លាចមេរោគកូវីដ១៩ ដូច្នេះប៉ុន្តែបើយើងមិនលក់មិនបម្រើភ្ញៀវ យើងក៏អត់មានចំណូលសូម្បីតែរាល់ថ្ងៃនេះ ការលក់ធម្មតាពេលខ្លួះក៏មានភ្ញៀវច្រើន ខ្លះក៏មានតិចតួច ធ្វើឱ្យចំណូលមិនទៀត ហើយខែខ្លះយើងសឹងតែរកប្រាក់សម្រាប់បើកប្រាក់ខែបុគ្គលិក បង់ថ្លៃសាលាកូនរៀនអនឡាញផង និងឈ្នួលផ្ទះផងមិនបានទេ ហើយបើសិនជាយើងខ្ចប់តែមួយមុខ ពិតណាស់ថានឹងបាត់ចំណូលថែមទៀត”។

លោកជ័យ ពិសិដ្ឋម្ចាស់ហាងកាហ្វេ មេឌាក៏បានឱ្យដឹងថា យើងមានការសោកស្ដាយ ដែលមានការរីករាលដាលនៃកូវីដ១៩អូសបន្លាយយូរ ហើយថ្មីៗនេះអាជ្ញាធរក៏បានចេញសេចក្តីសម្រេចថ្មី តម្រូវឱ្យលក់ខ្ចប់តែប៉ុណ្ណោះដែលធ្វើឱ្យបានបាត់បង់ចំណូលរហូតដល់៧៥ទៅ៨០ភាគរយ ប៉ុន្តែយ៉ាងណាក្ដីយើងមានតែយកប្រាក់ ដែលសន្សំទុកសម្រាប់ប្រើប្រាស់ថ្លៃទឹកថ្លៃភ្លើង និងថ្លៃបុគ្គលិកប៉ុណ្ណោះ ហើយក៏រំពឹងថារដ្ឋាភិបាលនឹងអាចទប់ស្កាត់និងបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ បានចប់នៅពេលឆាប់ៗដើម្បីឱ្យអាជីវកម្មជាច្រើនបើកដំណើរការឡើងវិញ ជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។

មេរោគកូវីដ១៩ប្រភេទថ្មីបាន និងកំពុងធ្វើឱ្យអាជ្ញាធរត្រូវបង្ខំបិទខ្ទប់ តំបន់មួយចំនួននៅរាជធានីភ្នំពេញឡើងវិញ និងនៅតំបន់មួយចំនួននៅតាមបណ្ដាខេត្ត ដែលមានហានិភ័យខ្ពស់ផងដែរ។

នៅថ្ងៃទី២ សីហា២០២១នេះ អាជ្ញាធរភ្នំពេញបានបិទខ្ទប់ផ្លូវមួយចំនួន នៅខណ្ឌទួលគោក និងតំបន់មួយចំនួនទៀតនៅខណ្ឌឬស្សីកែវ ដោយសារតែពាក់ព័ន្ធនឹងមេរោគថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here