ដោយៈឧត្តម
អន្តរជាតិៈ អ្នកណាក៏ដឹងដែរថា សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងជាមហាអំណាចយោធាទី១ក្នុងពិភពលោក ប្រទេសនេះតែងតែដាក់ទ័ណ្ឌកម្មឬគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណា ដែលខ្លួនយល់ថាមិនគោរពតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ បំបិទសិទ្ធិសេរីភាព ឬធ្វើទុក្ខបុកម្នេញពលរដ្ឋក្នុងរូបភាពមិនអាចទទួលយកបានជាដើម។
ប៉ុន្តែនិយាយដល់រឿងបង្កកទ្រព្យសម្បត្តិវិញ តើអ្នកទាំងអស់គ្នាធ្លាប់ងឿងឆ្ងល់ដែរឬទេ? សហរដ្ឋអាមេរិក មិនត្រឹមតែអាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមានអំណាច ឬមហាសេដ្ឋីជាជនបរទេសណាម្នាក់ ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធអំពើពុករលួយ ឬអំពើល្មើសច្បាស់នៅ ក្នុងប្រទេសកំណើតរបស់បុគ្គលរូបនោះប៉ុណ្ណោះទេ គឺថែមទាំងអាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនោះ នៅក្រៅប្រទេសបានទៀតផង។
ពេលឮបែបនេះ អ្នកខ្លះប្រាកដជាងងឿងឆ្ងល់ ហើយចោទជាសំណួរថា តើសហរដ្ឋអាមេរិកមានសិទ្ធិអ្វី ឬប្រើច្បាប់ពិសេសអ្វី? ដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់នៅក្រៅប្រទេស ព្រោះប្រទេសនីមួយៗ សុទ្ធតែមានដែនអធិបតេយ្យរៀងៗខ្លួន ដែលគ្មានប្រទេសណាមួយ អាចបំពារបំពានបានស្រេចតែនឹងចិត្តនោះ?។
យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា រដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិក មានសិទ្ធិអាចបង្កករាល់ទ្រព្យសម្បត្ដិ ដែលដាក់តម្កល់ក្នុងធនាគារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ចំណុចនោះបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើបណ្ដាធនាគារបរទេសជុំវិញមូលនិធិនៅក្នុងសហរដ្ឋអាមេរិក។
លើសពីនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏អាចដាក់សម្ពាធឱ្យធនាគារអាមេរិក នានា បង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេសបានផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចគំរាមកំហែងធនាគារនានា នៅក្រៅប្រទេសថា នឹងប្រឈមផលលំបាកផ្សេងៗនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដូចជា មិនទទួលបានសេវាដិតដល់ ការយកថ្លៃខ្ពស់ជាងធម្មតា ការរុកគួន ។ល។ បើមិនព្រមធ្វើតាមខ្លួន។
នេះសរបង្ហាញឱ្យឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានវិធីច្រើនយ៉ាងណាស់ដើម្បីធ្វើឱ្យធនាគារ ក្នុងប្រទេសនានាធ្វើតាមខ្លួន ទាំងក្នុងរូបភាពសូកប៉ាន់ និងរូបភាពគំរាមកំហែង តួយ៉ាងដូចជា ប្រទេសប៉ាណាម៉ា ប្រទេសហុងគ្រី និងប្រទេសស្វ៊ីសជាដើម។
និយាយតាមផ្លូវច្បាប់វិញ ប្រធានាធិបតីសហរដ្ឋអាមេរិក មានសិទ្ធិអំណាចធំធេងណាស់ នៅក្នុងការបង្កកទ្រព្យសម្បត្តិក្រោមច្បាប់ស្ដីពី អំណាចគ្រាអាសន្នផ្នែកសេដ្ឋកិច្ចអន្តរជាតិ International Emergency Economic Powers Act (IEEPA) និងច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មជាមួយបច្ចាមិត្រ (Trading with the Enemy Act)។
ម្យ៉ាងវិញទៀត ដោយសារតែប្រទេស និងក្រុមហ៊ុនធំៗជាច្រើនបានដាក់តម្កល់ប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់នៅក្នុងធនាគារ និងមូលនិធិវិនិយោគនានា នៅក្នុងទឹកដីសហរដ្ឋអាមេរិក បានផ្ដល់លទ្ធភាពឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចលេងហ្គេមហ៊ុមព័ទ្ធសេដ្ឋកិច្ចនេះ បានតាមអំពើចិត្តចាប់តាំងពីឆ្នាំ១៩៥៩ មកម៉្លេះ៕