ដោយៈ សាវុធ
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានលើកឡើថា ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ បាននិងកំពុងតែដាក់សម្ពាធបន្ថែម និងកាន់តែធ្ងន់ធ្ងរលើសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ អាចនឹងមិនសម្រេចបានតាមការរំពឹងទុក ដូចកាលពីដើមឆ្នាំក្នុងអត្រារង្វង់៤.១ភាគរយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដំបូងឡើយព្យាការណ៍ថា នឹងមានកំណើន៤.១ភាគរយ នៅឆ្នាំ២០២១ ប៉ុន្តែការរំខានរបស់ជំងឺកូវីដ១៩ យើងព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ។
សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ក្នុងអំឡុងពេលជួបវិបត្តិនៃជំងឹកូវីដ១៩នេះ សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម។ សម្តេចបញ្ជាក់ថា ទោះបីកម្ពុជាជួបវិបត្តិក្តី តែកម្ពុជាមិនបារម្ភពីការខ្វះខាតស្បៀងនោះទេ ដោយសម្តេចបញ្ជាក់ថា “ធ្វើយ៉ាងណាកុំឲ្យខ្វះអង្ករច្រកឆ្នាំង”។
សម្តេចតេចបានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្ម នៅរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ មានកើនឡើងលើសការរំពឹកទុក ថ្វីត្បិតតែការនាំចេញអង្ករមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងទៅកាន់ប្រទេសអារ៉ាប់រួម មានកំណើនរហូតដល់២០០ភាគរយ។ ជាមួយគ្នានេះ ការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើងជិត៣០០ភាគរយ រួមទាំងការនាំចេញស្វាយ ចេក ដែលសរុបនៃការនាំចេញទាំងអស់ មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ក្រៅពីវិស័យកសិកម្ម សម្តេចតេជោ មើលឃើញវិស័យឧស្សាហកម្មទុនតូច និងមធ្យម នៅតែជាចំណុចស្នូលក្នុងជួយកំណើនសេដ្ឋកិច្ច ដែលទាមទារឲ្យរកវិធីក្នុងការជំរុញកំណើន។
ជាមួយគ្នានេះដែរ យោងតាមរបាយការយោងរបាយការណ៍ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានកាលពីដើមឆ្នាំថានឹងមានកំណើន៤% ស្របពេលដែលផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) តាមថ្លៃបច្ចុប្បន្ន ត្រូវបានប៉ាន់ស្មានស្មើនឹង១១៦.៧១១ពាន់លានរៀល។
កំណើននេះ ផ្អែកលើសម្មតិកម្មសំខាន់នៃវិសាលភាព និងប្រសិទ្ធភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គួបផ្សំនឹងគោលនយោបាយគាំទនានា ដែលជួយជំរុញសកម្មភាពផលិតកម្ម តម្រូវការប្រើប្រាស់ និងការបង្កើនទំនុកចិត្ត សម្រាប់ការវិនិយោគ។
របាយការណ៍បានឱ្យដឹងថា ទោះជាយ៉ាងនេះក្តី ការបន្តរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ ២០២១ បាននិងកំពុងតែដាក់សម្ពាធបន្ថែម និងកាន់តែធ្ងន់ ធ្ងរលើសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ច ឆ្នាំ២០២១អាចនឹងមិនសម្រេចបានតាមការរំពឹងទុកកាលពីដើមឆ្នាំ ព្រោះជាក់ស្ដែង វិស័យដែលត្រូវបានរំពឹងថា នឹងជួយជំរុញកំណើនឡើងវិញ បាននិងកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
វិស័យដែលរងផលប៉ះពាល់ខ្លាំងររួមមាន អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យលក់ដុំ-រាយ អនុវិស័យ សំណង់ និងអចលនទ្រព្យ អនុវិស័យកាត់ដេរអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យដឹកជញ្ជូន ជាដើម”។
លោកបណ្ឌិតឆេង គីមឡុងអ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី ធ្លាប់លើកឡើងថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់៤%ដូចដែលការរំពឹងទុករបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច ព្រោះថាប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈនេះ នៅតែបន្តអូសបន្លាយ ហើយចំនួនឆ្លងមិនធូរស្បើយ ដែលធ្វើឲ្យមានការអាក់ខានដល់ខ្សែច្រវាក់ផលិតកម្ម និងការប្រកបរបររបស់ប្រជាជន នោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ចុះក្នុងកំណើន នៃការរំពឹងទុក៤%នេះ វាអាចកើនត្រឹម៣% វិញ។
លោកបញ្ជាក់ថា “ដើម្បីស្ដារឡើងវិញ នូវស្ថានភាពក៏លំបាកនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងបាន”។លោកបន្ថែមថា “មានន័យថា ការឆ្លងនេះមិនស្ថិតនៅក្នុងទ្រង់ទ្រាយធំ និងមិននៅក្នុងភាពស្មុគស្មាញ ដល់បណ្ដាលខេត្ត-ស្រុក ឃុំ-ភូមិ និងតំបន់ប្រជុំជនផ្សេងៗទៀត ដែលជាកត្តាធ្វើឲ្យផ្អាករំខានទៅដល់ធុរកិច្ច សកម្មភាពវិនិយោគ និងការរស់នៅប្រចាំថ្ងៃផងដែរ”។
លោកបញ្ជាក់បន្តថា កត្តាទាំងអស់នេះហើយ ជាសកម្មភាពដែលអាចជួយជំរុញ និងជាកិច្ចការងារធំបំផុត ព្រោះការគ្រប់គ្រងនូវការឆ្លង នៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺវាផ្ដល់ជាមូលដ្ឋាន និងផ្ដល់ជាកម្លាំងជំរុញ ដល់សេដ្ឋកិច្ចទាំងមូលបាន។ ដូច្នេះការចូលរួមពីប្រជាជន គឺសំខាន់ ហើយប្រជាជនគួរតែអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសនោះ គឺដាច់ខាតត្រូវអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញមក គឺ៣កុំ និង៣ការពារ។
លោកស្រីអ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជាបានថ្លែងថា “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងផលប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃតម្រូវការ លើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំង ឲ្យមនុស្សក្នុងប្រទេសបានជាង៧លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់”។
លោកស្រីបានបន្ថែមទៀតថា “ធនាគារពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ”៕