លោក យិន លាងគង់៖ ការអានច្រើននឹងធ្វើឱ្យគុណតម្លៃជីវិតរបស់អ្នកមានភាពប្រសើរឡើង

ដោយ ម៉ាលីនណា

ភ្នំពេញៈ ចាប់ផ្តើមអានសៀវភៅភ្លាម សម្រាប់ភាគច្រើន ពួកគេមានអារម្មណ៍ងងុយគេង ដោយសារពួកគេមិនផ្តោតចិត្ត និងមិនយល់ពីតម្លៃ និងសារៈសំខាន់នៃការអានថា វាមានគុណតម្លៃសំរាប់ជីវិតបែបណាទេ។

លោក យិន លាងគង់ ដែលជាសហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com និងFacebook Page នៃគេហទំព័រទាំងពីរ បានស្រលាញ់់ការអាន និងការតែងនិពន្ឋ ដោយសារលោកយល់ថា គុណតម្លៃនៃជីវិត គឺការផ្តល់និងចែករំលែកចំណេះដឹង ដល់ប្រជាពលរដ្ឋរួមជំនាន់ និងជំនាន់ក្រោយ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះកាលពីចុងសប្តាហ៍មុនលោកបានចុះកិច្ចព្រមព្រៀងសហការលក់សៀវភៅមួយចំនួនជាមួយលោកអ៊ូគឹមសេងសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និងបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP

ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយលោកយិន លាងគង់ ដែលជាសហគ្រិនខ្មែរដ៏ល្បីមួយរូប បានសម្រេចយកស្នាដៃរបស់លោកមួយចំនួន ដើម្បីដាក់លក់ក្នុងបណ្ណាល័យអេឡិកត្រូនិក KUMNIT APP

លោកយិន លាងគង់ដែលបានប្រឡូកក្នុងអាជីពសារព៌តមាន ជាង២០ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាអ្នកនិពន្ឋផ្នែកសារព៌តមាននោះទេ ប៉ុន្តែលោកជាអ្នកនិពន្ឋមួយរូបផងដែរ ដោយលោកធ្លាប់និពន្ឋប្រលោកលោករឿង ថ្ងៃរះពីទិសខាងលិចជាប់លេខ៤ទូទាំងប្រទេស ក្នុងពានរង្វាន់៧មករា លោកនិពន្ឋល្ខោននិយាយ រឿងរកាខ្នុរចំណោទស្នេហ៍ រឿង អូនជាស្រមោលបងដែលបានចាក់ផ្សាយក្នុងវិទ្យុFM99Mzh វិទ្យុជាតិកម្ពុជា។

ថ្មីៗនេះ លោកបាននិពន្ឋប្រលោមលោករឿង ដួងច័ន្ឌ តារាដែលជាប្រលោមលោកនិយាយអំពីប្រវត្តិសាស្រ្តកម្ពុជា ឡាវ និងប្រលោមលោករឿង អារម្មណ៍ផងដែរ។

លោកក៏បាននិពន្ឋសៀវភៅចំណេះដឹងទូទៅ ដូចជា ២៧ចំណុចគួរពិចារណាមុនចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ សិល្បៈសម្របខ្លួនចូលគ្រួសារថ្មី ក្រោយអាពាហ៍ពិពាហ៍ សិល្បៈកសាងភាពសុខដុមក្រោមអាពាហ៍ពិពាហ៍ ប៉ុន្តែសៀវភៅទាំងនេះលោកមិនបានដាក់ឈ្មោះរបស់លោកជាអ្នកនិពន្ឋទេ ប៉ុន្តែលោកបានប្រើឈ្មោះច្រាយ ចំណានដែលជាឈ្មោះហៅក្រៅរបស់លោក។

លោកយិន លាងគង់បានថ្លែងថា សារៈប្រយោជន៍នៃការអានសៀវវភៅ និងការសិក្សាពីមនុស្សជុំវិញខ្លួន ពិតធ្វើឲ្យជីវិតរបស់អ្នកមានមានគុណវុឌ្ឍិ និងស៊ីវិល័យ ដោយសារអ្នក បានរួមចំណែកយ៉ាងច្រើនដើម្បីជួយខ្លួនឯង និងសង្គម។លោកបន្តថា មនុស្សជោគជ័យ និងមានគុណតម្លៃជីវិតពិតប្រាកដ គឺជាអ្នកអានច្រើន ស្រាវជ្រាវច្រើន ចែករំលែកដល់សង្គមច្រើន មិនមែនមានលុយច្រើនតែម្យ៉ាងនោះទេ

លោកបន្តថា ហេតុនេះការអានច្រើន ស្តាប់ច្រើន សង្កេតច្រើន និងសិក្សាពីបរិស្ថានជំវិញខ្លួន នឹងធ្វើឲ្យអ្នកមានមូលដ្ឋានពិចារណាគ្រប់ជ្រុងជ្រោយ ធ្វើឲ្យអ្នកអាចឈានឡើងនិងលេចមុខក្នុងសង្គម និងអាចមានឳកាសច្រើនចែករំលែកចំណេះដឹង បទពិសោធន៍ទៅអ្នកជំនាន់ក្រោយរបស់អ្នក។

តើពេញចិត្តនឹងជីវិតមានគុណតម្លៃ និងភាពស៊ីវិល័យឬទេ សូមចាប់់ផ្តើមអាន ស្រលាញ់ការអាន និងស្តាប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាជាងយកពេលវេលាទៅអង្គុយនិយាយពីអ្នកណាម្នាក់ ដែលអ្នកមិនចូលចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here