ពេលវេលាល្អបំផុតដែលគួរទទួលទានកាហ្វេ

កាហ្វេ កំពុងជាប់ឈ្មោះនៅក្នុងតារាងលំដាប់កំពូលនៃភេសជ្ជៈដែលប្រជាជនទូទាំងពិភពលោកនិយមទទួលទាន។ ភេសជ្ជៈមានសារជាតិកាហ្វេអ៉ីនមួយនេះ ត្រូវបានមនុស្សជាច្រើនយល់ឃើញថា វាជួយសម្រួលទៅដល់សមាធិពេលសិក្សាឬប្រកបការងារ បំបាត់អាការៈងងុយគេង និងជួយបន្ធូរភាពស្រ្តេសតានតឹងជាដើម។ តើអ្នកដឹងទេថា កាហ្វេគួរតែទទួលទាននៅពេលណាដែលល្អសម្រាប់រាងកាយ និងមិនមានផលប៉ះពាល់ដល់សុខភាព?

សូមកុំយល់ច្រឡំថា កាហ្វេពិតជាល្អសម្រាប់ការទទួលទាននៅព្រឹឹកព្រលឹមនោះ តែម៉ោងដែលល្អបំផុតក្នុងការស្រូបយកសារធាតុកាហ្វេចូលទៅក្នុងខ្លួននោះគឺចន្លោះម៉ោង 9.30 នាទី រហូតដល់ម៉ោង 11.30 នាទីព្រឹក។ ហេតុអ្វីទើបចន្លោះម៉ោងនេះជាពេលវេលាល្អ?

មូលហេតុព្រោះ នៅពេលដែលមនុស្សក្រោកពីគេងភ្លាម សារធាតុកូទីស៊ុល (Cortisol) ដែលជាអរម៉ូនម្យ៉ាងបញ្ជូនការផ្តោត ជម្រុញសមាធិ តម្លើងមេតាប៊ូលីសឹម (Metabolism) បង្ហាញពីការឆ្លើយតបប្រព័ន្ធភាពស៊ាំរាងកាយ និងសម្ពាធឈាម កំពុងដំណើរការក្នុងរាងកាយខ្លាំង។ ដូច្នេះក្នុងចន្លោះម៉ោងដែលរៀបរាប់ដូចខាងលើ គឺជាពេលដែលកម្រិតកូទីស៊ុល ថមថយដំណើរការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើកាលណាអ្នកទទួលទានកាហ្វេពេលដែលកម្រិតកូទីស៊ូលក្នុងខ្លួនមានដំណើរការខ្លាំងនោះ សារជាតិកាហ្វេអ៉ីន វាប្រឆាំងនិងប្រព័ន្ធភាពស៊ាំ អាចបណ្តាលឱ្យមានបញ្ហាសុខភាពមកវិញដូចជា ឈឺក្បាល វិលមុខ ជាដើម។ ផ្ទុយទៅវិញប្រសិនបើអ្នកអនុវត្តការទទួលទានតាមរយៈម៉ោងដែលបានបញ្ជាក់វិញ នោះអ្នកនឹងមានថាមពលពេញមួយថ្ងៃ។

ប្រការគួរស្វែងយល់៖

-សូមទទួលទានកាហ្វេក្រោយពីធ្វើលំហាត់ប្រាណរួចប្រមាណ ៣០ ទៅ ៦០ នាទី ដើម្បីរក្សាគម្លោតពេលឱ្យចលនាសាច់ដុំដើរស្រួល បំបាត់ភាពហត់ និងប្រមូលកម្លាំង ព្រមទាំងទុកឱ្យបេះដូងដើរឱ្យស្រួលជាធម្មតាសិន។

-ការទទួលទានកាហ្វេនៅក្បែរម៉ោងចូលសម្រាន្ត ឬក៏ទទួលទានជាមួយអាហារពេលយប់ អាចឱ្យរាងកាយប្រឈមនឹងបញ្ហាដំណេក។ យ៉ាងហោចណាស់ រក្សាគម្លាត ៦ ម៉ោង នៃការទទួលទានកាហ្វេ និងម៉ោងដំណេក ចៀសវាងផលប៉ះពាល់ដល់សុខភាព។

– ក្នុងមួយថ្ងៃ រាងកាយមនុស្សអាចទទួលបានសារធាតុកាហ្វេអ៉ីនត្រឹម ៤០០មីល្លីក្រាម ប៉ុណ្ណោះ ឬស្មើនឹង ៤ពែង (៩៥០ មីល្លីលីត្រ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here