ការរៀបចំឥណទានឡើងវិញក្នុងវិស័យទេសចរណ៍មានជាង១ពាន់លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១នេះ ជាឆ្នាំដែលកម្ពុជាជួបវិបត្តិកាន់តែធ្ងន់ជំងឹកូវីដ១៩ ហើយវិស័យទេសចរណ៍ តែបន្តទទួលផលប៉ះពាល់ធ្ងន់ជាងគេដដែល ជាក់ស្តែងក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍ត្រូវបានរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់ប្រមា​ណ១ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មិៗនេះ។

របាយការណ៍ដដែលឱ្យដឹងថាមានវិស័យ៤សំខាន់ ត្រូវបានរៀបចំឥណទានឡើងវិញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ រួមមានវិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័យសំណង់ និងវិស័យដឹកជញ្ជូន។ វិស័យទាំងបួនវិស័យនេះ បើគិតជាទំហំទឹកប្រាក់ក្នុងការរៀបចំឥណទានឡើងវិញ មានចំនួន២,៣៥ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យទេសចរណ៍ មានទឹកប្រាក់រៀបចំឥណទានឡើងវិញច្រើនជាងគេ រហូតដល់១ពាន់លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ធនាគារជាតិនៃកម្ពុជា បង្ហាញថាគ្រឹះស្ថានធនាគារ បានផ្ដល់ឥណទានឡើងវិញ ដល់វិស័យទេសចរណ៍ប្រមាណ៣,៦៣ទ្រីលានរៀល  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្ដល់ការរៀបចំឥណទានឡើងវិញ ដល់វិស័យទេសចរណ៍ជាង៣៩៩ពាន់លានរៀល និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ ដល់វិស័យធនាគារចំណយន២៦,៧៩ពាន់លានរៀល។

ទោះបីជាស្ថានភាពវិបត្តិក្នុងឆ្នាំ២០២១នេះ មានភាពពិបាកជាងឆ្នាំ២០២០ក្ដីតែវិស័យធនាគារនៅកម្ពុជា នៅតែមានភាពល្អប្រសើរដោយទ្រព្យសកម្ម បានកើនឡើងដល់១៨ភាគរយ គិតទឹកប្រាក់២២២ទ្រីលានរៀល ស្មើនឹងប្រមាណ៥៥,១ពាន់លានដុល្លារអាមេរិក។ ឥណទានអតិថិជនបានកើនឡើង១៩,១ភាគរយ គិតជាទឹកប្រាក់មានប្រមាណ៣៣,៩ពាន់លានដុល្លារអាមេរិក ដោយបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ច សំខាន់ជាពិសេ​សការជួញដូរដុំនិងរាយ ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានត្រៀមខ្លួន ក្នុងការប្រុងប្រយ័ត្នចំពោះសេដ្ឋកិច្ច ដែលនឹងអាចកើតឡើងនៅក្នុងពេលឆាប់នេះ ក្នុងពេលដែលវិបត្តិកូវីដ១៩ នៅតែបន្តជះឥទ្ធិអាក្រក់ដល់សេដ្ឋកិច្ច ជាពិសេសវិស័យគាំទ្រដល់សេដ្ឋកិច្ច។

បើតាមអ្នកជំនាញនៃវិស័យទេសចរណ៍មើលឃើញថា ក្នុងឆ្នាំ២០២១នេះវិស័យ​ទេសចរណ៍ ទំនងជាមិនទាន់ងើបឡើងវិញបានទេ ក្នុងពេលដែលរដ្ឋាភិបាលបន្តបិទខ្ទប់ខេត្តមួយចំនួននៅតាមព្រំដែនកម្ពុជា ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ប្រភេទ Delta។

ដូច្នេះទេសចរអន្តរជាតិ និងជាតិ ក៏មិនអាចធ្វើដំណើរដោយសេរី ទៅកាន់ខេត្តទាំងនោះបានទេ ជាពិសេសខេត្តសៀមរាប ដែលជាខេត្តតំបន់ទេសចរណ៍ដ៏មានសក្ដានុពល នៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here