សាលារៀនឯកជនជាច្រើនកំពុងវិបត្តិហិរញ្ញវត្ថុព្រោះកូវីដ១៩អូសបន្លាយយូរ

ដោយៈលក្ខិណា

ភ្នំពេញៈ ដោយសារតែវិបត្តិកូវីដ១៩បានអូសបន្លាយយូរ និងជាពិសេសក្នុងឆ្នាំ២០២១នេះ វិបត្តិកូវីដ១៩ កាន់ តែរាលដាលខ្លាំងនិងបង្កផលប៉ះពាល់កាន់តែខ្លាំង ធ្វើឱ្យសាលារៀនឯកជនជាច្រើនបានបិទទ្វារ និងសាលារៀនខ្លះទៀត បានបន្ថយសាខារបស់ខ្លួនមកនៅតិចវិញ ដើម្បីប្រមូលសិស្សមករៀនតាមប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ិច បូឡែន ប្រធានសហព័ន្ធ សេវាអប់រំនៅកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៨ កក្កដាកន្លងមកថា កាលពីឆ្នាំ២០២០ សាលារៀនឯកជាច្រើនបានរងផលប៉ះពាល់បាត់ទៅហើយ ប៉ុន្តែកាលនោះពួកគេអាចទប់ទល់បាន នូវការចំណាយនានា ប៉ុន្តែចូលដល់ឆ្នាំ២០២១នេះ សាលារៀនបានផ្អាកដំណើរការ តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកបន្តថា “មកដល់ពេលនេះ សាលារៀនឯកជនប្រមាណជិតពាក់កណ្ដាលហើយ ដែលប្រតិបត្តិការកាលពីមុនបានបិទទ្វារ និងបន្ថយទីតាំង ព្រោះតែមិនមានហិរញ្ញវត្ថុ សម្រាប់ដោះស្រាយការចំណាយ ជាពិសេសសាលារៀនកម្រិតមត្តេយ្យក្មេងៗតូចៗ”។ លោកបន្តថា “មាតា បិតាអាណាព្យាបាលគិតថា វាមិនទាន់ចាំបាច់ដែលត្រូវឱ្យកូនតូចៗ របស់ពួកគេសិក្សានៅសាលារៀនឡើយ”។ ចំណែកសិស្សថ្នាក់បឋមឬមធ្យមសិក្សាវិញ ក៏មានការពិបាកដែរ”។

លោកប៉ឡែនបានបន្តថា យើងព្រួយបារម្ភ ចំពោះពួកគេដែលត្រូវអង្គុយសំងំក្នុងបន្ទប់ម្នាក់ឯងយូរម៉ោង ពេលខ្លះបួនទៅ៥ម៉ោង និងអាចលើសនេះទៀត ដូច្នេះពួកគាត់នឹងមានបញ្ហាវិបត្តិផ្លូវចិត្ត ឬផ្លូវកាយណាមួយកើតឡើង។

លោកបន្ថែមថា ការអប់រំ បណ្ដុះបណ្ដា ដែលមិនបានពេញលេញបែបនេះ គឺអាចនឹងប៉ះពាល់ដល់ផែនការរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ពីព្រោះធនធានមនុស្ស ដែលត្រូវបន្តវេណនៅឆ្នាំនោះ គឺជាធនធានមនុស្សក្មេងៗ នៅពេលនេះហើយ ដែលពួកគេកំពុងសិក្សាត្រឹមថ្នាក់បឋមឬមធ្យមសិក្សា តែបើសិនជាក្នុងពេលពួកគេកំពុងក្រេបយកចំណេះដឹង មកជួបបញ្ហាសិក្សារៀនសូត្របែបនេះ គឺពិតបញ្ហាដល់ការផែនការនេះមិនខាន។

ជាមួយគ្នានេះ លោកឧកញ៉ាគួច ម៉េងលីម្ចាស់សាលារៀនអន្តរជាតិអាមេរិកកាំង ក៏បានមានប្រសាសន៍កន្លងមកថា លោកបានចំណាយរាប់សិបម៉ឺនដុល្លារ សម្រាប់បើកជូនបុគ្គលិក ដែលប្រាក់នេះជាទឹកប្រាក់ខាតបង់ក្នុងមួយខែៗ ហើយបើសិនជាសាលាណាមិនមានហិរញ្ញវត្ថុបម្រុងទេនោះ ពិតណាស់នឹងបិទទ្វារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here