ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ការធ្វើពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនវិញ គឺតែងតែសម្រេចបានលើសផែនការ ដែលកំណត់ដោយប្រមុខរ ដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកសុខ សុភ័ក្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅក្នុងវេទិការដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា កាលពីថក្ងៃទី២៨ កក្កដាកន្លងមកថា ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មសរុបមានកំណើន១៦% ស្មើនឹងទឹកប្រាក់ ៥ ៨០០ លានដុល្លារអាមេរិក គឺលើសទិសដៅកំណត់។ ក្នុងឆ្នាំ២០២០ ដោយសារប្រទេសទាំងពីរ រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ កំណើនបានថយចុះ៥% ក៏ប៉ុន្តែពាណិជ្ជកម្មសរុបទ្វេភាគីនៅតែមានទំហំធំ គឺមានជាង៨០០០លានដុល្លារអាមេរិក។
លោកបញ្ជាក់ទៀតថា ដោយមើលឃើញសក្តានុពលដ៏ធំផ្នែកពាណិជ្ជកម្ម រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ទិសដៅពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២៣ ធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារអាមេរិក។ បើគិតលើទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រាប់រយៈពេល៦ខែនៃឆ្នាំ២០២១នេះ ទោះបីជាប្រទេសទាំងពីរបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ក៏ដោយ ក៏កំណើនពាណិជ្ជកម្ម នៅតែមានការកើនទ្បើងចំនួន៣១ភាគរយ គឺបានក្នុងតម្លៃជិត៥០០០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ៣៧០០លានដុល្លារអាមេរិក តែប៉ុណ្ណោះ ។
ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមចន្លោះពី៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បានបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងល្អ។ ជាទូទៅ កម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ហើយនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឱ្យ ការវិនិយោគនិងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារនិងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាសនិងក្រដាសកាតុង ជាដើម។
លោកសុខសុភ័ក្របានបន្តថា ក្នុងកំរិតតំបន់ប្រទេសទាំងពីរ បានបំពេញឱ្យគ្នាយ៉ាងល្អនូវភាពបត់បែន ដែលជួយឲ្យកិច្ចចចារនានាសម្រេចបានជោគជ័យ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០០២ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន កម្ពុជាបានសម្របសម្រួលឱ្យចិន និងអាស៊ានអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានជួយបើកផ្លូវឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត៕