ដោយ ឧត្តម
ភ្នំពេញៈ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េងបានជួលដីទំហំជាង១៦៨ហិកតានៅក្នុងខេត្តកោះកុង ពីរដ្ឋាភិបាលកម្ពុជាកម្ពុជា ហើយសំណើរនេះត្រូវបានរដ្ឋាភិបាលអនុម័តរួចហើយ។
ដីនេះស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង និងធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាន សម្រេចដូចទៅ៖ មាត្រា១ ត្រូវបានកំណត់ តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង ទៅជាតំបន់ ប្រើប្រាស់ដោយ ចីរភាព ដូចមានផែនទីនិង និយាមកាភ្ជាប់ជាឧប សម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទ នីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
មាត្រា២ ត្រូវបានធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នូវដីទំហំ ១៦៨,៨០ហិកតា ដូចមានក្នុងមាត្រា១ នៃអនុក្រឹត្យនេះ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ដែលត្រូវស្ថិតក្រោមការ ចាត់ចែងនីតិវិធីបន្តដោយ ក្រសួងបរិស្ថានជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុជាអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្របតាម ច្បាប់និងគោលការណ៍ របស់ រាជរដ្ឋាភិបាល។
ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក បានទទួលបានសម្បទានអនុវត្តគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ។
រោងចក្រនេះ មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង ៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។
បើតាមក្រុហ៊ុន រ៉ូយ៉ាល់ គ្រុប ការដាកឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនីដោយម៉ាស៊ីនទី១ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៊ីនទី២ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ ។ រយៈពេលសម្បទាន៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ចំណែកថ្លៃលក់អគ្គិសនី ០,០៧២៩២ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕