គម្រោងទីលានចាក់សំរាមក្រុងកំពតតម្លៃ២លានដុល្លារនឹងលើកកម្ពស់អនាម័យបរិស្ថានក្រុងកាន់តែល្អប្រសើរ

ដោយៈ សាវុធ

កំពតៈ គម្រោងសាងសង់ទីលានចាក់សំរាមសម្រាប់ទីក្រុងកំពត ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ២លានដុល្លារ នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងនៃការដ្ឋានសាងសង់ទីលានចាក់សំរាមសម្រាប់ទីក្រុងកំពត ដែលបាននឹងកំពុងដំណើរការសាងសង់ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ប្រាក់ថវិកាក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រមាណ ២លានដុល្លារ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ មានថេរវេលាសាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដីប្រមាណជាង១០ ហ.ត ។

គម្រោងនេះបានចាប់ អនុវត្តតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ១.ទីលានចាក់សំរាម២ថតចំនួន២ ២.ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន២ ៣.ទីលានត្រង់ទឹកកខ្វក់និងលំហួត ៤.អាគាររដ្ឋបាល និងប៉ុស្តិ៍យាម ៥.អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក ៦.ជួសជុលផ្លូវចូលទីលានកប់សំរាម ៧.កន្លែងថ្លឹងរថយន្ត ៨.កន្លែងស្តុក និងញែកសំរាម និង៩.ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម ដែលបច្ចុប្បន្ននេះការអនុវត្តគម្រោងសាងសង់នេះបានប្រមាណជាង១៦ភាគរយហើយ។

លោកជាវ តាយអភិបាលខេត្តបានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិស្ថានក៏ដូចជាទីលានកន្លែងទុកដាក់និងចាក់សំរាម គឺជាបញ្ហាសំខាន់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន តែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាប្រចាំ ក្នុងការរួមចំណែកធ្វើឲ្យបរិស្ថានបានកាន់តែល្អប្រសើរឡើង ។

លោកបានបន្តថា ដោយឡែកសម្រាប់ទីក្រុងកំពតបច្ចុប្បន្នបញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាមទារឲ្យរដ្ឋបាលខេត្តត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត។

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយនឹងក្រុមហ៊ុនម៉ៅការឲ្យបានល្អ ដើម្បីឲ្យដំណើរការកសាងទីលានចាក់សំរាមនេះ បានលឿនឆាប់រហ័ស ទៅតាមគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here